មន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID នៅក្នុងសារអ៊ីមែលមួយកាលពីថ្ងៃអាទិត្យ (០២ មីនា) បានព្រមានថា ការរុះរើទីភ្នាក់ងារជំនួយនេះរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នឹងបណ្តាលឱ្យមានការស្លាប់ដែលមិនចាំបាច់ជាច្រើនទូទាំងពិភពលោក ខណៈលើកឡើងខ្លួនក៏ត្រូវដាក់ក្នុងបញ្ជីបណ្ដេញចេញពីការងារផងដែរ។

លោក Nicholas Enrich ជំនួយការអ្នកគ្រប់គ្រងស្តីទីរបស់ USAID សម្រាប់សុខភាពពិភពលោក បាននិយាយថា "ថ្នាក់ដឹកនាំនយោបាយ" បានបង្អាក់ការផ្តល់ជំនួយមនុស្សធម៌សង្គ្រោះជីវិតនៅជុំវិញពិភពលោក ដោយផ្ទុយនឹងការធានាពីរដ្ឋមន្រ្តីការបរទេស លោក Marco Rubio ដែលថាជំនួយបែបនេះនឹងនៅបន្ត ទោះបីជាលោក Trump និងលោកមហាសេដ្ឋី Elon Musk កាត់បន្ថយការចំណាយក៏ដោយ។

រដ្ឋបាលលោក Trump បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងលុបចោលជំនួយ និងកិច្ចសន្យាជំនួយបរទេសជិត ១០.០០០ច្បាប់ ដែលមានតម្លៃជិត ៦០ពាន់លានដុល្លារ ដោយបញ្ចប់ប្រហែល ៩០% នៃការងារសកលរបស់ USAID ។

ការបិទ USAID នេះគឺជាផ្នែកមួយនៃការកាត់បន្ថយដែលមិនធ្លាប់មានពីមុនមកនៃរដ្ឋាភិបាលសហព័ន្ធ ក្នុងវិធានការរបស់ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោក Musk។ ការរុះរើភ្លាមៗរបស់ទីភ្នាក់ងារជំនួយនេះ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សធម៌ជាសកល ធ្លាក់ចូលទៅក្នុងភាពវឹកវរ៕