ប្រទេសអ៊ីស្រាអែល បានរារាំងរថយន្តដឹកជំនួយមិនឲ្យចូលទៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា ជាការប្រឈមមុខដាក់គ្នា ជុំវិញបទឈប់បាញ់ដែលបានបញ្ឈប់ការប្រយុទ្ធរយៈពេល៦សប្តាហ៍កន្លងទៅនេះ ដោយក្រុមហាម៉ាស បានអំពាវនាវឱ្យអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា ធ្វើអន្តរាគមន៍។

ខុទ្ធការល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីពេលមុនថា ខ្លួនបានអនុម័តសំណើរធ្វើឡើងដោយបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump លោក Steve Witkoff សម្រាប់បទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្កាហ្សាសម្រាប់ពិធីបុណ្យរ៉ាម៉ាដាន និងបុណ្យសាសនា ប៉ុន្មានម៉ោងបន្ទាប់ពីដំណាក់កាលទី១នៃបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាកាលពីពេលមុន បានផុតកំណត់។

ប្រសិនបើព្រមព្រៀង នោះបទឈប់បាញ់នឹងបញ្ឈប់ការប្រយុទ្ធរហូតដល់ចុងបញ្ចប់នៃអំឡុងពេលពិធីបុណ្យតមអាហាររ៉ាម៉ាដាន ប្រហែលនៅថ្ងៃទី៣១ ខែមីនា និងថ្ងៃបុណ្យសាសនារបស់ជនជាតិជ្វីហ្វ នៅអំឡុងថ្ងៃទី២០ ខែ មេសា។ បទឈប់បាញ់ នឹងដាក់លក្ខខណ្ឌសម្រាប់ក្រុមហាម៉ាសឲ្យដោះលែងពាក់កណ្តាលនៃចំនួនចំណាប់ថ្នូដែលនៅរស់និងបញ្ចូនចំណាប់ថ្នូរដែលបានស្លាប់នៅថ្ងៃដំបូង ហើយអ្នកនៅសល់ត្រូវ ដោះលែងនៅចុងបញ្ចប់ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានឈានដល់បទឈប់បាញ់អចិន្ត្រៃយ៍។
ក្រុមហាម៉ាសនិយាយថា ខ្លួនបានប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ព្រមព្រៀងគ្នាដំបូង ដែលគ្រោងនឹងឈានដល់ដំណាក់កាលទីពីរ ដោយមានការចរចារសំដៅដល់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ហើយខ្លួនបានច្រានចោលគំនិតនៃការបន្ថែមពេលបណ្តោះអាសន្នចំពោះបទឈប់បាញ់រយៈពេល៤២ថ្ងៃ។