ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអាទិត្យ ទី២ ខែមីនា បន្ទាប់ពីកិច្ចប្រជុំអំពីការគាំទ្រសម្រាប់អ៊ុយក្រែនថា អឺរ៉ុបចាំបាច់ត្រូវបំពាក់អាវុធឡើងវិញជាបន្ទាន់ ហើយរដ្ឋជាសមាជិកសហភាពអឺរ៉ុបត្រូវតែបានផ្តល់ឲ្យនូវចន្លោះសារពើពន្ធដើម្បីអនុវត្តការកើនឡើងនៃការចំណាយលើវិស័យការពារជាតិ។

លោកស្រី បាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងឡុងដ៍្រថា «បន្ទាប់ពីរយៈពេលវែងនៃការវិនិយោគតិចតួច ពេលនេះវាមានសារៈសំខាន់បំផុតក្នុងការបង្កើនការវិនិយោគលើវិស័យការពារជាតិសម្រាប់រយៈពេលវែង»។

លោកស្រី Ursula von der Leyen បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍្រ ដែលមានការចូលរួមពីមេដឹកនាំលោកខាងលិចចំនួន១៩ប្រទេសថា សហភាពអឺរ៉ុបចាំបាច់ត្រូវបំពាក់អាវុធជាបន្ទាន់ និងជួយអ៊ុយក្រែន ដែលបង្ហាញថា «មិនអាចធ្វើទៅបានសម្រាប់អ្នកឈ្លានពាននាពេលអនាគត» ដូចជាប្រទេសរុស្ស៊ី ជាដើម។
ប្រធានគណៈកម្មការអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មានថា «យើងត្រូវតែដាក់អ៊ុយក្រែនឲ្យស្ថិតក្នុងជំហរដ៏រឹងមាំ»។ ប្រទេសនេះត្រូវតែមាន «មធ្យោបាយដើម្បីធ្វើឲ្យរឹងមាំ និងពង្រឹងខ្លួនឯង» និងធានាបាន ការរស់រានខាងសេដ្ឋកិច្ច និងភាពធន់ផ្នែកយោធារបស់ប្រទេសក្នុងរយៈពេលខ្លី និងវែង។