ការតវ៉ាគាំទ្រអ៊ុយក្រែន និងប្រឆាំងនឹងរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានផ្ទុះឡើងយ៉ាងតានតឹងនៅទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ០១ មីនា បន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីនៅការិយាល័យប្រធានាធិបតី Oval Office ដែលមិនធ្លាប់មានពីមុនមក ដែលក្នុងនោះលោក Trump និងអនុប្រធានាធិបតី លោក JD Vance បានបង្កើនភាពតានតឹងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។

ហ្វូងមនុស្សបានប្រមូលផ្ដុំគ្នាតវ៉ានៅសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន នឹងកន្លែងផ្សេងជាច្រើនទៀត ខណៈបាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Waitsfield រដ្ឋ Vermont នៅព្រឹកថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងដំណើររបស់អនុប្រធានាធិបតីអាមេរិក ទៅកាន់រដ្ឋនេះ សម្រាប់ដំណើរកម្សាន្តស្គីជាមួយក្រុមគ្រួសាររបស់លោក។

ដំបូងឡើយបាតុកម្មនោះត្រូវបានគ្រោងរៀបចំឡើងដោយអង្គការតូចមួយ ប៉ុន្តែអ្នកតវ៉ាជាច្រើនបន្ថែមទៀតក៏បានទៅចូលរួម ក្នុងអ្វីដែលពួកគេនិយាយថា ត្រូវបានជំរុញដោយកិច្ចប្រជុំដ៏តានតឹងនៅសេតវិមានរបស់លោក Trump និងលោក Vance ជាមួយនឹងលោក Zelenskyy កាលពីថ្ងៃសុក្រ។
ក្រុមអ្នកតវ៉ាបានកាន់ស្លាកសញ្ញាសរសេរថា "រដ្ឋ Vermont ឈរជាមួយអ៊ុយក្រែន" និង "ភាពអាម៉ាស់របស់អន្តរជាតិ" ខណៈហ្វូងមនុស្សជាច្រើនបានគ្រវីទង់ជាតិអ៊ុយក្រែន ក្នុងសាមគ្គីភាពជាមួយទីក្រុងគីវ។ លោក Vance ដែលបានទទួលស្គាល់ថាលោកមិនធ្លាប់ទៅអ៊ុយក្រែននោះ បានគេចខ្លួនទៅកាន់ទីតាំងដែលមិនបញ្ចេញឈ្មោះ ដើម្បីគេចពីក្រុមបាតុករ៕