មុនពេលមានសង្រ្គាមដ៏ឃោរឃៅនៅដែនដីហ្កាហ្សា អ្នកស្រុកតែងប្រារព្ធខែដ៏វិសុទ្ធរបស់មូស្លីម គឺពីធីបុណ្យរ៉ាម៉ាដាន ដោយមានការប្រមូលផ្ដុំគ្នា ថ្វាយបង្គំបួងសួង ជួបជុំសាច់ញាតិ និងការអបអរសាទរ ប៉ុន្តែសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានបំផ្លាញភាពរីករាយ សម្លាប់ជីវិតមនុស្សជាច្រើន បង្កទុក្ខព្រួយ និងភាពភ័យខ្លាចសម្រាប់បុណ្យដ៏វិសិដ្ឋនេះ។

ថ្ងៃដំបូងនៃបុណ្យរ៉ាម៉ាដាន នាថ្ងៃសៅរ៍ ០១ មីនា និងបញ្ចប់ទៅវិញនៅថ្ងៃអាទិត្យ ៣០ ខែមីនា ជនជាតិប៉ាឡេស្ទីនជាច្រើននិយាយថា "គ្រប់យ៉ាងបានផ្លាស់ប្តូរហើយ"។ សម្រាប់អ្នកស្រុកហ្កាហ្សា បុណ្យរ៉ាម៉ាដានឆ្នាំនេះ បានចាប់ផ្ដើមនៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ ដែលបានផ្អាកសង្រ្គាមដ៏បង្ហូរឈាមជាង ១៥ខែ នៃការកាប់សម្លាប់ និងបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។

ទោះបីជាបុណ្យឆ្នាំនេះនៅតែមិនធម្មតាក៏ដោយ អ្នកស្រុកគិតថា ពួកគេមានអារម្មណ៍ប្រសើរជាងឆ្នាំមុន ដោយសារតែកាលឆ្នាំ២០២៤ រ៉ាម៉ាដានបានចាប់ផ្តើមជាមួយនឹងកិច្ចចរចាបទឈប់បាញ់ ដែលបន្ទាប់មកមិនមានលទ្ធផល ហើយភាពអត់ឃ្លានកាន់តែអាក្រក់ទៅៗ។
ទោះជាយ៉ាងនេះក្ដី អ្នកស្រុកក៏នៅតែបារម្ភ និងភ័យខ្លាចពីអាយុកាលនៃកិច្ចព្រមព្រៀងនេះ ខណៈអ៊ីស្រាអែលបានកាត់ផ្តាច់ជំនួយទាំងអស់ និងការផ្គត់ផ្គង់ផ្សេងទៀតដល់តំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ ដើម្បីដាក់សម្ពាធក្រុមហាម៉ាស ឱ្យទទួលយកសំណើថ្មីដើម្បីបន្តដំណាក់កាលទី១ នៃបទឈប់បាញ់។ ក្រុមហាម៉ាស ចោទអ៊ីស្រាអែល ថាបានព្យាយាមបំផ្លាញកិច្ចព្រមព្រៀងដែលមានស្រាប់ ប៉ុន្តែភាគីទាំងពីរនៅមិនទាន់ប្រកាសបញ្ចប់បទឈប់បាញ់នេះទេ៕