អភិបាលក្រុង បាននិយាយថា យានដ្រូនរបស់រុស្ស៊ី បានវាយប្រហារអគារលំនៅឋានមានកម្ពស់ច្រើនជាន់កាលពីយប់ថ្ងៃអាទិត្យ ទី២ ខែមីនា នៅទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់ប្រទេសអ៊ុយក្រែន បង្កឲ្យមានអគ្គិភ័យ និងមនុស្ស ៨ នាក់រងរបួស។

ក្រុមសង្គ្រោះបន្ទាន់ ត្រូវបានគេមើលឃើញនៅកន្លែងកើតហេតុ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យ បានធ្វើការដើម្បីពន្លត់អណ្តាតភ្លើងនៅជាន់ខាងលើនៃអគារនៅក្នុងវីដេអូដែលត្រូវបានចេញផ្សាយដោយអង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ។

អភិបាលក្រុង លោក Ihor Terekhov បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា អគ្គិភ័យត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃអាទិត្យ បានរាលដាលដល់លំនៅឋានជាច្រើននៅជាន់ខាងលើនៃអគារ។