កងពលតូចដឹកជញ្ជូនលេខ៩៩ ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ត្រី សរ ស្រី មេបញ្ជារង និងជាប្រធានក្រុមការងារយេនឌ័រកងពលតូចដឹកជញ្ជូនលេខលេ៩៩ ព្រមទាំងយោធិននារីជាច្រើននាក់ទៀត។
សូមបញ្ជាក់ថា ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ប្រធានបទនេះក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា៕







