ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោកមិនចង់ធ្វើអត្ថាធិប្បាយលើការប្រែប្រួលដ៏ក្តៅគគុករបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅសេតវិមានកាលពីថ្ងៃសុក្រនោះទេ។ លោក Zelenskyy បាននិយាយដូច្នេះទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃមេដឹកនាំអឺរ៉ុបនៅទីក្រុងឡុងដ៍្រ ដោយលោកបានឆ្លើយតបជាភាសាអ៊ុយក្រែន ពុំមែនភាសាអង់គ្លេសទេ។

លោកបាននិយាយថា «ខ្ញុំមិនចង់ពិភាក្សាអំពីអ្វីដែលបានកើតឡើងនោះទេ»។ «ខ្ញុំមិនចង់និយាយអំពីមូលហេតុដែលរឿងវាកើតឡើងឡើយ» ។ លោក Zelenskyy និយាយថា អ៊ុយក្រែនពឹងផ្អែកលើជំនួយពីសហរដ្ឋអាមេរិក «ដោយគ្មានការសង្ស័យនោះទេ» ហើយការបញ្ឈប់ការគាំទ្ររបស់សហរដ្ឋអាមេរិក នឹងជួយដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin តែប៉ុណ្ណោះ។

ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា លោកតំណាងឱ្យផលប្រយោជន៍របស់ប្រទេស ដែលពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្រពីដៃគូរបស់ខ្លួន។ លោក Zelenskyy និយាយថា ប្រសិនបើលោកត្រូវបានគេអញ្ជើញឱ្យចូលរួមកិច្ចសន្ទនាក្នុងន័យស្ថាបនាអំពីការដោះស្រាយបញ្ហា នោះលោកនឹងទទួលយកការអញ្ជើញដោយការគោរពចំពោះសហរដ្ឋអាមេរិក ប្រជាជនអាមេរិក និងប្រធានាធិបតីសហរដ្ឋអាមេរិក។