អាមេរិក៖ អ្នកសម្របសម្រួលការឆ្លើយតបវីរុសកូរ៉ូណារបស់សេតវិមានលោក Jeff Zients បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោកប្រធានាធិបតី Biden ពុំមានផែនការបញ្ឈប់ការឆ្លងរាលដាលវីរុស Covid-19 ដែលកំពុងកើនឡើងដោយការប្រើប្រាស់វិធានការបិទខ្ទប់ទូទាំងប្រទេសនោះទេ។

ការអត្ថាធិប្បាយរបស់លោក Zients មានឡើង ខណៈប្រទេសអូទ្រីសបានឈានចូលដល់ការបិទខ្ទប់ប្រទេសជាលើកទី៤ និងការបិទខ្ទប់ដោយផ្នែកនៅក្នុងប្រទេសហូឡង់ ស្របពេលករណីឆ្លងវីរុស Covid-19 ហក់ឡើងខ្ពស់នៅទូទាំងសហភាពអឺរ៉ុបក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ ជំនួសឲ្យការអនុវត្តន៍វិធានការបិទខ្ទប់នៅសហរដ្ឋអាមេរិក លោក Zients បាននិយាយថា រដ្ឋាភិបាលសហព័ន្ធនឹងនឹងពឹងផ្អែកលើវ៉ាក់សាំង និងការព្យាបាលដោយឱសថ ដើម្បីទប់ប្រទេសឲ្យដំណើរការទៅមុខនៅក្នុងព្រឹត្តិការណ៍នៃរលកវីរុស Covid-19 ដ៏មហន្តរាយផ្សេងទៀត។ លោក Zients បាននិយាយថា យើងអាចបញ្ឈប់ការឆ្លងរាលដាលវីរុស ដោយមិនចាំបាច់ប្រើវិធីសាស្ត្របិទខ្ទប់សេដ្ឋកិច្ចរបស់យើង។ យើងបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ដូសដល់ពលរដ្ឋចំនួន ៨២% និងមនុស្សជាច្រើនទៀតកំពុងទទួលបានវ៉ាក់សាំងរៀងរាល់សប្ដាហ៍។
យោងតាមការវិភាគទិន្នន័យរបស់សារព័ត៌មាន CNBC ទទួលបានពីសកលវិទ្យាល័យ Johns Hopkins ករណីឆ្លងវីរុស Covid-19 នៅសហរដ្ឋអាមេរិកមានចន្លោះពី ៧០,០០០ និង ៧៥,០០០នាក់ក្នុងមួយថ្ងៃរយៈពេលជិត ៣សប្ដាហ៍ចាប់ផ្ដើមពីចុងខែតុលា ប៉ុន្តែចាប់តាំងពីពេលនោះមកមានអ្នកឆ្លងជាមធ្យមកើនឡើងជិត ៩២,៤០០នាក់ក្នុងរយៈពេល ៧ថ្ងៃគិតត្រឹមថ្ងៃអាទិត្យកើនឡើង ១៦% ពីសប្ដាហ៍មុន។ អង្គការសុខភាពពិភពលោកបានរាយការណ៍ពីការវិវត្តន៍ថ្មីៗប្រចាំសប្ដាហ៍ថ្មីៗនេះថា សហភាពអឺរ៉ុបមានករណីឆ្លងថ្មីជាង ២.១លាននាក់អំឡុងសប្ដាហ៍ដែលបានបញ្ចប់កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ប្រហែល ៦៤% នៃករណីឆ្លងសរុបនៅទូទាំងប្រទេស៕
អត្ថបទ៖ សុខមាន