មន្ត្រីក្នុងតំបន់បាននិយាយថា សីតុណ្ហភាពដែលកំពុងកើនឡើង បានបណ្តាលឲ្យមានការបិទសាលារៀនជិតពាក់កណ្តាលនៅទីក្រុងម៉ានីល នៅថ្ងៃចន្ទ ទី៣ ខែ មីនានេះ ខណៈរដូវប្រាំងដ៏ក្តៅហួតហែង បានចាប់ផ្តើមនៅក្នុងប្រទេសហ្វីលីពីន។

ការិយាល័យសេវាអាកាសធាតុជាតិ បានព្រមានថា សន្ទស្សន៍កម្តៅ ដែលជារង្វាស់នៃសីតុណ្ហភាពខ្យល់ និងសំណើមដែលទាក់ទង ត្រូវបានកំណត់ថា បានឈានដល់កម្រិត «គ្រោះថ្នាក់» នៅក្នុងទីក្រុងម៉ានីល និងតំបន់ពីរផ្សេងទៀតរបស់ប្រទេសហ្វីលីពីន។

សេចក្តីណែនាំបាននិយាយថា «ការឈឺសាច់ដុំ និងអស់កម្លាំងល្វើយដោយសារកម្តៅ» ទំនងជាស្ថិតនៅកម្រិតនេះ ដោយបានព្រមានប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ឱ្យជៀសវាងការនៅក្រោមកម្តៅព្រះអាទិត្យរយៈពេលយូរ។ រលកកម្តៅបានវាយប្រហារតំបន់ធំៗនៅប្រទេសហ្វីលីពីននៅក្នុងខែមេសា និងខែឧសភាឆ្នាំមុន បណ្តាលឱ្យមានការផ្អាកថ្នាក់រៀនដោយផ្ទាល់ជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យប៉ះពាល់ដល់សិស្សរាប់លាននាក់។
សីតុណ្ហភាពក្នុងទីក្រុងម៉ានីល បានឡើងដល់៣៨,៨អង្សាសេ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំមុន។ ខណៈសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់៣៣អង្សាសេនៅថ្ងៃចន្ទនេះ ខណៈរដ្ឋាភិបាលតំបន់ក្នុងទីក្រុងម៉ានីល និងស្រុកចំនួន៦ផ្សេងទៀត បានបញ្ជាឱ្យបិទថ្នាក់រៀនជាការប្រុងប្រយ័ត្នជាមុន។
តំបន់រដ្ឋធានីនេះ មានសិស្សជាង២,៨លាននាក់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងអប់រំ។