ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft កំពុងត្រៀមបិទកម្មវិធីហៅទូរសព្ទជាវីដេអូ Skype ដែលខ្លួនបានទិញយកក្នុងតម្លៃ ៨,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១ និងដែលបានជួយជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងមធ្យោបាយទំនាក់ទំនងរបស់មនុស្សទូទាំងពិភពលោកតាមអ៊ីនធឺណិត។

Microsoft បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួននឹងបិទ Skype នៅខែឧសភា ហើយផ្លាស់ប្តូរសេវាកម្មមួយចំនួនរបស់កម្មវិធីនេះទៅកាន់ Microsoft Teams ដែលជាកម្មវិធីសន្និសីទតាមវីដេអូ និងភ្ជាប់បណ្ដាញជាក្រុម។ អ្នកប្រើប្រាស់ Skype នឹងអាចប្រើប្រាស់គណនីដែលមានស្រាប់របស់ពួកគេ ដើម្បីចូលទៅក្នុងកម្មវិធី Microsoft Teams របស់ខ្លួន។
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ បានផ្តល់អាទិភាពជាច្រើនឆ្នាំដល់ Microsoft Teams ជាជាង Skype ហើយការសម្រេចចិត្តបិទអេបនេះបានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ Microsoft ក្នុងការសម្រួលកម្មវិធីទំនាក់ទំនងសំខាន់របស់ខ្លួន ខណៈកំពុងប្រឈមមុខនឹងដៃគូប្រកួតប្រជែងជាច្រើន។

ដោយបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយក្រុមវិស្វករនៅទីក្រុង Tallinn ប្រទេសអេស្តូនី កម្មវិធី Skype គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការហៅទូរសព្ទដោយប្រើអ៊ីនធឺណិតជំនួសឱ្យទូរសព្ទលើតុ។ Skype បានបន្ថែមការហៅទូរសព្ទជាវីដេអូ បន្ទាប់ពីក្រុមហ៊ុនលក់រាយ eBay បានទិញសេវាកម្មនេះក្នុងឆ្នាំ២០០៥។ នៅឆ្នាំ២០១១ នៅពេលក្រុមហ៊ុន Microsoft បានទិញអេបនេះពី eBay កម្មវិធី Skype មានអ្នកប្រើប្រាស់ប្រហែល ១៧០លាននាក់នៅទូទាំងពិភពលោក៕