ក្រុមមន្រ្តីបាននិយាយនៅថ្ងៃចន្ទ (០៣ មីនា) នេះថា អ្នកពន្លត់អគ្គិភ័យជិត ១.៧០០នាក់ កំពុងត្រូវបានបញ្ជូនទៅទប់ទល់នឹងចំហេះព្រៃដ៏ធំបំផុតរបស់ជប៉ុន ក្នុងពេលជាង ៣០ឆ្នាំ ខណៈមនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងជាច្រើនពាន់នាក់បានជម្លៀសខ្លួន ក្នុងចំហេះព្រៃដែលនៅតែបន្តឆាបឆេះយ៉ាងខ្លាំងក្លានៅលើឆ្នេរសមុទ្រភាគខាងកើតរបស់កោះដ៏ធំ។

ចំហេះនៅទីក្រុង Ofunato ក្នុងខេត្ត Iwate បានកើនឡើងទ្វេដងក្នុងពេល ៣ថ្ងៃចុងក្រោយ និងបានក្លាយជាចំហេះដ៏ធំបំផុតរបស់ជប៉ុន ក្នុងពេល ៣៣ឆ្នាំ ហើយគិតត្រឹមថ្ងៃចន្ទ (០៣ មីនា) នេះ ចំហេះបានគ្របដណ្តប់ផ្ទៃដីប្រហែល ២.១០០ហិកតា ខណៈប្រជាជនប្រមាណ ៤.៦០០នាក់ កំពុងស្ថិតនៅក្រោមការណែនាំជម្លៀស។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គិភ័យ និងមហន្តរាយរបស់សជប៉ុន (FDMA) បាននិយាយថា យ៉ាងហោចណាស់អគារចំនួន ៨៤ខ្នង ត្រូវបានខូចខាតរួចទៅហើយកាលពីថ្ងៃពុធសប្ដាហ៍មុន នៅពេលទើបដឹងជាលើកដំបូងពីចំហេះនេះ។ សារព័ត៌មានក្នុងស្រុករាយការណ៍ថា សាកសពមនុស្សម្នាក់ត្រូវបានរកឃើញនៅក្នុងតំបន់ Shoji។
សាលារៀនត្រូវបានបិទ ហើយសេវារថភ្លើងក្នុងតំបន់ត្រូវផ្អាកក្នុងតំបន់រងផលប៉ះពាល់ ដើម្បីធានាសុវត្ថិភាពសាធារណៈ។ ក្រុមពន្លត់អគ្គិភ័យមកពី ១៤តំបន់របស់ជប៉ុន រួមទាំងអង្គភាពមកពីទីក្រុងតូក្យូ ឥឡូវនេះកំពុងជួយពន្លត់ចំហេះនេះ ដោយមានឧទ្ធម្ភាគចក្រ ១៦គ្រឿង រួមទាំងពីយោធាផងដែរ កំពុងព្យាយាមពន្លត់អណ្តាតភ្លើង៕