មេដឹកនាំក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានព្រមានអ៊ីស្រាអែលអំពីសកម្មភាពសងសឹកដ៏សំខាន់ ប្រសិនបើអរិភាព នៅក្នុងតំបន់ហ្កាហ្សា នៅតែបន្ត។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីល្ងាចថ្ងៃសៅរ៍ ដែលជាថ្ងៃដំបូងនៃបុណ្យរ៉ាម៉ាដាន លោក Abdul-Malik al-Houthi បាននិយាយពីទីក្រុង Sanaa ថា ការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា នឹងបង្កឲ្យមានការឆ្លើយតបយោធារបស់ក្រុមហ៊ួទី ប្រឆាំងនឹងទឹកដីអ៊ីស្រាអែល ដោយសង្កត់ធ្ងន់ជាពិសេសទៅលើគោលដៅទីក្រុងតែលអាវីវ ( Tel Aviv)។
លោក al-Houthi បាននិយាយថា៖«យើងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចសាសនា មនុស្សធម៌ និងសីលធម៌ ដើម្បីគាំទ្រដល់បងប្អូនប្រុសស្រីប៉ាឡេស្ទីនរបស់យើង រួមជាមួយនឹងកងកម្លាំងតស៊ូ ជាពិសេស កងពលតូច Qassam»។
លោក Al-Houthi បានបញ្ជាក់ថា កងកម្លាំងហ៊ួទី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីខ្សែត្រៀមជួរមុខយោធាជាច្រើន ក្នុងសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា ប្រសិនបើអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការយោធា ឡើង វិញ។
ក្រុមហ៊ួទីដែលគ្រប់គ្រងតំបន់ដ៏ធំនៃភាគខាងជើងប្រទេសយេម៉ែន រួមទាំងរដ្ឋធានីសាណា ពីមុនបានកំណត់គោលដៅលើនាវា ដែលពួកគេនិយាយថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម ជាសកម្មភាពដែលខ្លួនពិពណ៌នាថា ជាការគាំទ្រសម្រាប់ប៉ាឡេស្ទីន ក្នុងអំឡុងពេលជម្លោះអ៊ីស្រាអែល-ហាម៉ាស។