កងទ័ពអ៊ូហ្គង់ដា បានអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ជូនទាហាន ទៅកាន់ទីក្រុងមួយផ្សេងទៀតនៅភាគឦសាននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធក្នុងតំបន់ ចំពេលមានការភ័យខ្លាចថា ជម្លោះដ៏ក្តៅគគុក អាចឈានដល់សង្គ្រាមកាន់តែធំឡើង។
លោក Felix Kulayigye អ្នកនាំពាក្យក្រសួងការពារជាតិ និងកិច្ចការយោធារបស់ប្រទេសអ៊ូហ្គង់ដា បាននិយាយកាលពីថ្ងៃអាទិត្យថា៖«កងទ័ពរបស់យើង បានចូលទៅក្នុងទីក្រុង Mahagi ហើយយើងកំពុងគ្រប់គ្រង»។
លោកបាននិយាយថា ការដាក់ពង្រាយនេះ ត្រូវបានស្នើសុំដោយកងទ័ពកុងហ្គោ បន្ទាប់ពីមានការចោទប្រកាន់ថា មានការសម្លាប់រង្គាលលើជនស៊ីវិល ត្រូវបានធ្វើឡើងដោយកងជីវពល ដែលគេស្គាល់ថា ជា សហករណ៍សម្រាប់ការអភិវឌ្ឍកុងហ្គោ ឬ សមាគម Codeco ដោយមិនបានផ្តល់នូវព័ត៌មានលម្អិតបន្ថែមនោះទេ។
ទីក្រុង Mahagi ស្ថិតនៅក្នុងខេត្ត Ituri ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ូហ្គង់ដា ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ៥១នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃទី ១០ ខែកុម្ភៈ ដោយបុរសប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយសមាគម Codeco។ នេះបើយោងតាមប្រភពមនុស្សធម៌ និងក្នុងស្រុក។