ប្រភពពីក្រសួងការបរទេសទួរគី បាននិយាយកាលពីថ្ងៃអាទិត្យថា មន្ត្រីទួរគី និងអង់គ្លេស នឹងពិភាក្សាអំពីអនាគតរបស់សាធារណរដ្ឋអារ៉ាប់ស៊ីរី ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងអង់ការ៉ា នៅថ្ងៃចន្ទនេះ ជាមួយនឹងរបៀបវារៈសន្តិសុខ ការដាក់ទណ្ឌកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងរបៀបវារៈ។
ប្រទេសទួរគីដែលជាសមាជិកអង្គការណាតូ គឺជាអ្នកគាំទ្រដ៏សំខាន់របស់ក្រុមឧទ្ទាម ដែលបានប្រយុទ្ធជាមួយលោក បាសា អាល់អាសាដ (Bashar Assad) អស់រយៈពេលជាច្រើនឆ្នាំ ហើយប្រទេសនះ បានពង្រឹងទំនាក់ទំនងជិតស្និទ្ធ ជាមួយរដ្ឋបាលថ្មី នៅទីក្រុងដាម៉ាស ( Damascus) បន្ទាប់ពីលោក អាសាដ ត្រូវបានផ្តួលរំលំ កាលពីឆ្នាំមុន។ ទួរគីបានសន្យាថា នឹងជួយកសាងស៊ីរីឡើងវិញ និងផ្តល់ជំនួយក្នុងការបណ្តុះបណ្តាល និងបំពាក់កងកម្លាំងសន្តិសុខរបស់ខ្លួន។
ចក្រភពអង់គ្លេស បាននិយាយកាលពីខែមុនថា ខ្លួននឹងកែសម្រួលរបបទណ្ឌកម្មស៊ីរីរបស់ខ្លួន បន្ទាប់ពីលោក អាសាដ បានដួលរលំ ប៉ុន្តែនឹងធានាថា ការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរ ដែលដាក់លើសមាជិកនៃអតីតរដ្ឋាភិបាល នៅតែមានដដែល។
ប្រភពទួរគីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា កិច្ចពិភាក្សានៅថ្ងៃចន្ទនេះនឹងត្រូវដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសទួរគីលោក Nuh Yilmaz និងអនុរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Hamish Falconer ។
ប្រភពនោះ បានបន្ថែមថា លោក Yilmaz នឹងសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការដាក់ទណ្ឌកម្មលើប្រទេសស៊ីរី ដែលត្រូវបានដកចេញដោយគ្មានលក្ខខណ្ឌសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច។