ក្រសួងសុខាភិបាលហ្កាហ្សា បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១១៦នាក់ ត្រូវបានសម្លាប់ និងជាង ៤៩០នាក់ បានរងរបួស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ១៩ ខែមករា នៅពេលដែលបទឈប់បាញ់ ចូលជាធរមាន។
យោងតាមក្រសួងបានឲ្យដឹងថា សាកសពមនុស្ស ៤នាក់ និងអ្នករបួស ៦នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងដែនដី ចាប់តាំងពីព្រឹកថ្ងៃអាទិត្យ។ ក្រសួងបានបន្ថែមថា៖«ចំនួនអ្នកស្លាប់សរុប ក្នុង រយៈពេលឈប់បាញ់នេះ បានឡើងដល់ ១១៦នាក់ ហើយមនុស្សជាង ៤៩០នាក់ បានរងរបួស»។
ចំនួនសរុបនៃអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ លើសពី ៤៨.000នាក់ ជាមួយនឹងមនុស្សប្រហែល ១១២.000នាក់ បានរងរបួស។
នៅពាក់កណ្តាលខែមករា អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀង ៣ ដំណាក់កាលដែលសម្របសម្រួលដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ដើម្បីដោះលែងចំណាប់ថ្នូរ ដែលត្រូវឃុំខ្លួន នៅតំបន់ហ្កាហ្សា និងប្រកាសបទឈប់បាញ់ នៅក្នុងទឹកដីនេះ។ កិច្ចព្រមព្រៀង ៣ ដំណាក់កាល បានចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា។ ដំណាក់កាលដំបូងរយៈពេល ៤២ថ្ងៃនៃបទឈប់បាញ់ បានបញ្ចប់ នៅថ្ងៃទី ០១ ខែមីនា។