លោកប្រធានាធិបតី Donald Trump នឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមរបស់សភា នៅថ្ងៃអង្គារ (ទី៤ ខែមីនា) ហើយនឹងកំណត់ចក្ខុវិស័យរបស់លោក សម្រាប់សហរដ្ឋអាមេរិក និងពិភពលោក ដែលទាំង២ នេះ បានមានភាពរង្គោះរង្គើរួចហើយ ដោយសារទស្សនៈ «America First» (អាមេរិកទី១) និងវិធានការដ៏តឹងរ៉ឹងរបស់លោក។
សុន្ទរកថារបស់លោក នៅវិមានសភាអាមេរិក ដែលគ្រោងធ្វើឡើងនៅម៉ោង ៩យប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២ម៉ោងសកល) កើតឡើងត្រឹមតែ ៦សប្តាហ៍បន្ទាប់ពីពិធីឡើងកាន់តំណែងផ្លូវការរបស់លោក និង ៤ឆ្នាំ គិតចាប់តាំងពីអ្នកគាំទ្ររបស់លោក បានសម្រុកចូលអគារនេះ ក្រោយលោកបានចាញ់ការបោះឆ្នោតឆ្នាំ២០២០។
លោក Trump ត្រូវបានគេរំពឹងថា នឹងបង្ហាញក្រឹត្យជាច្រើន ដែលលោកបានចុះហត្ថលេខា ក្នុងអំឡុងពេល ៤៣ថ្ងៃដំបូង នៅក្នុងតំណែង និងគូសបញ្ជាក់ពីគម្រោងរយៈពេល ១.៤១៩ថ្ងៃដែលនៅសល់របស់លោក។
គួរបញ្ជាក់ថា លោក Trump រួមជាមួយនឹងទីប្រឹក្សាមហាសេដ្ឋីរបស់លោក គឺលោក Elon Musk បានបង្ហាញនូវចេតនារបស់ខ្លួន ក្នុងការជំរុញយ៉ាងខ្លាំងក្លា និងយ៉ាងឆាប់រហ័ស ដើម្បីអនុវត្តរបៀបវារៈ «ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត» របស់ប្រធានាធិបតី ទោះបីជាវាមានន័យស្នើនឹងការសាកល្បងដែនកំណត់រដ្ឋធម្មនុញ្ញ ចំពោះសិទ្ធិអំណាចរបស់លោក ឬធ្វើឲ្យទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តមានភាពអាប់អួក៏ដោយ៕