សហភាពអឺរ៉ុប (EU) កាលពីថ្ងៃអាតិត្យ (ទី២ ខែមីនា) បានប្រាប់ឲ្យដឹងថា ខ្លួនបានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា ការបដិសេធរបស់ហាម៉ាស ក្នុងការមិនទទួលយកការបន្តដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដោយនបានបន្ថែមថា ការរារាំងមិនឲ្យជំនួយចូលជាបន្តបន្ទាប់របស់អ៊ីស្រាអែល «បានបង្កហានិភ័យឲ្យមានផលវិបាកផ្នែកមនុស្សធម៌»។
អ្នកនាំពាក្យកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់ EU លោក Anouar El Anouni បានដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « EU អំពាវនាវឲ្យមានការចាប់ផ្ដើមចរចាឡើងវិញយ៉ាងឆាប់រហ័សលើដំណាក់កាលទី២ នៃបទឈប់បាញ់ ហើយសូមបង្ហាញការគាំទ្រទាំងស្រុង ចំពោះអ្នកសម្របសម្រួល»។

លោក El Anouni បាននិយាយថា «បទឈប់បាញ់ជាអចិន្ត្រៃយ៍ នឹងរួមចំណែកដល់ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ដែលនៅសល់ ខណៈពេលដែលធានានូវលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យការស្តារ និងការកសាងឡើងវិញ នៅតំបន់ហ្កាហ្សា ចាប់ផ្តើម» ដោយលោកបន្ថែមថា «ភាគីទាំងអស់ត្រូវមានការទទួលខុសត្រូវផ្នែកនយោបាយ ដើម្បីធ្វើឲ្យរឿងនេះក្លាយជាការពិត»។
គួរបញ្ជាក់ថា ក្រុមហាម៉ាសបានបដិសេធម្តងហើយម្តងទៀតនូវការពន្យារពេលកិច្ចព្រមព្រៀងបទឈប់បាញ់ដំណាក់ទី១ ដោយជំនួសវិញ ចង់ចូលទៅដំណាក់កាលទី២ ដែលអាចនាំមកនូវការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍៕

