អ្នកការទូត ៣នាក់ ដែលបានរៀបរាប់សង្ខេបអំពីបញ្ហា បានប្រាប់ថា ក្រុមអ្នកឃ្លាំមើលបរមាណូអន្តរជាតិ គឺជាលើកដំបូង ដែលធ្វើដំណើរឆ្លងកាត់ដែនដីរុស្ស៊ី ជំនួសឲ្យតាមដែនដីអ៊ុយក្រែន ដើម្បីទៅដល់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលជាការប៉ះពាល់ដ៏ធំដល់បំណងប្រាថ្នារបស់ទីក្រុងគីវ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការទទួលស្គាល់ជាអន្តរជាតិ ចំពោះការអះអាងសិទ្ធិជាម្ចាស់របស់វិមានក្រឹមឡាំង។
ដោយសុំនិយាយដោយមិនឈ្មោះ អ្នកការទូតដែលមានមូលដ្ឋាននៅទីក្រុងវីយែន បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានសម្រេចធ្វើដំណើរបែបនេះ បន្ទាប់ពីបានសន្និដ្ឋានថា តំបន់ដែលបែងចែកកងទ័ពទាំង២ បានក្លាយទៅជាមានគ្រោះថ្នាក់ខ្លាំងពេកមិនអាចឆ្លងកាត់បាន។ ពួកគេបាននិយាយថា រយៈពេល ៣ឆ្នាំ នៅក្នុងជម្លោះនេះ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កំពុងផ្លាស់ប្តូរព្រំដែននៃកិច្ចព្រមព្រៀង។
ចំណាត់ការនេះ តំណាងឲ្យការចាកចេញដ៏សំខាន់ពីផែនការដើម ចំពោះការដាក់ឲ្យបុគ្គលិកឈរជើងរបស់ IAEA នៅរោងចក្រថាមពលដែលត្រូវបានកាន់កាប់ដោយរុស្ស៊ី នៅក្នុងតំបន់ Zaporizhzhia របស់អ៊ុយក្រែន។ អ៊ុយក្រែនបានយល់ព្រមឲ្យមានការដាក់ពង្រាយ ព្រោះមានបំណងបញ្ចៀសលទ្ធភាពនៃការមានឧបទ្ទវហេតុនុយក្លេអ៊ែរ ដោយយល់ថា បុគ្គលិកនឹងធ្វើដំណើរទៅ និងមកពីរោងចក្រនេះឆ្លងតាមដែនដីអ៊ុយក្រែន។
អ្នកនាំពាក្យរបស់ IAEA បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ រហូតដល់ការផ្លាស់ប្ដូរបុគ្គលិកចុងក្រោយបង្អស់ ត្រូវបានបញ្ចប់។
អ្នកឃ្លាំមើលរបស់ IAEA ដែលធ្វើដំណើរទៅកាន់រោងចក្រ Zaporizhzhia ឆ្លងកាត់អ៊ុយក្រែន ត្រូវបានវាយប្រហារ ២ដង គិតចាប់តាំងពីខែធ្នូឆ្នាំមុន។ ខណៈពេលដែលគ្មាននរណាម្នាក់រងរបួស ក្នុងហេតុការណ៍នោះ ការវាយប្រហារលើកទី២ នៅថ្ងៃទី១២ ខែកុម្ភៈ បានបង្ខំឲ្យក្បួនរថយន្តរបស់ទីភ្នាក់ងារនេះត្រឡប់ទៅវិញដោយមិនបានបំពេញបេសកកម្មរបស់ខ្លួន។ ក្រុមអ្នកឃ្លាំមើលបច្ចុប្បន្ន បានឈរជើងនៅរោងចក្រនេះ ដោយធ្វើការ ២៤ម៉ោង អស់រយៈពេលជិត ៣ខែហើយ៕