វិមានក្រឹមឡាំងនិយាយនៅថ្ងៃចន្ទនេះថា ការប៉ះទង្គិចគ្នានៅការិយាល័យ Oval របស់សេតវិមានរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បង្ហាញថា វាពិបាកបែបណាក្នុងការឈានទៅរកការដោះស្រាយជម្លោះនៅអ៊ុយក្រែន ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា រុស្ស៊ី បានបន្តចរចាជាមួយសហរដ្ឋអាមេរិកលើការធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតាវិញ ។
លោកថា ពួកយើងមើលឃើញថា សមូហភាពលោកខាងលិចបានចាប់ផ្តើមដោយផ្នែកការបាត់បង់សមូហភាពរបស់ខ្លួន ។ ការបែកបាក់គ្នារបស់សមូហភាពលោកខាងលិចបានចាប់ផ្តើមហើយ គឺការបង្កើតនូវទីតាំងលាយឡំគ្នានៃក្រុមប្រទេស ជាជាងបង្កើតបក្សសង្រ្គាម ដែលប្រកាសថា ពួកគេបានត្រៀមខ្លួនរួចរាល់ ដើម្បីគាំទ្រអ៊ុយក្រែនបន្ថែមទៀតក្នុងលក្ខខណ្ឌគាំទ្រសង្រ្គាម ។
គួរឲ្យដឹងថា ក្រុមមេដឹកនាំអឺរ៉ុបបានជួបគ្នាកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីគាំទ្រទីក្រុងគីវ នៅឯកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍្រ ជាទីដែលមេដឹកនាំពិភពលោកទាំងនោះបានសន្យាបង្កើនការចំណាយបន្ថែមទៀតលើសន្តិសុខ និងកៀរគរក្រុមចម្រុះការពារបទឈប់បាញ់ណាមួយនៅអ៊ុយក្រែន ។
នៅក្រោយកិច្ចប្រជុំកំពូលនោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតមួយថា បារាំង និងអង់គ្លេស កំពុងស្នើសុំបទឈប់បាញ់មួយខែ ។
ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងនិយាយថា កិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍្រ គ្មានគោលដៅសម្រេចបានសន្តិភាពនោះទេ ៕