នៅក្នុងចន្ទនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំអ បានអំពាវនាវឲ្យអឺរ៉ុបឈររឹងមាំជាការប្រឈមនឹងលោក Donald Trump ក្រោយប្រធានាធិបតីបារាំងលោក Emmanuel Macron ក្រុមមេដឹកនាំលោកខាងលិច និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ ។
ភាគច្រើននៃពួកគេ បានអំពាវនាវឲ្យមានស្វ័យភាព ក្នុងនោះបុរសម្នាក់ថែមទាំងនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កងទ័ពអឺរ៉ុបគឺជាមាគ៌ាឆ្ពោះទៅមុខតែមួយគត់ ។
លោក Zelenskiy បានជួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer ហើយនិងក្រុមមេដឹកនាំផ្សេងទៀតរបស់លោកខាងលិចកាលពីថ្ងៃអាទិត្យ និងបានយល់ព្រមរៀបចំផែនការសន្តិភាពអ៊ុយក្រែនដែលនឹងត្រូវបង្ហាញសហរដ្ឋអាមេរិក រយៈពេល ២ថ្ងៃ ក្រោយលោក Zelenskiy ប៉ះទង្គិចជាមួយលោកប្រធានាធិបតី Donald Trump ក្នុងកិច្ចប្រជុំវិសាមញ្ញនៅឯសេតវិមាន ។
រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Noel Barrot និយាយនៅថ្ងៃចន្ទនេះថា បារាំង និងអង់គ្លេសស្នើសុំឲ្យមានបទឈប់បាញ់ដោយផ្នែករយៈពេល ១ខែរវាងរុស្ស៊ី និងអ៊ុយក្រែនដែលគ្របដណ្តប់លើដែនអាកាស សមុទ្រ និងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល ប៉ុន្តែមិនរួមបញ្ចូលការប្រយុទ្ធគ្នាជើងគោកនោះទេ ។
លោកបន្តថា បទឈប់បាញ់បែបនេះ បើសិនជាយល់ព្រមទទួលយក អាចនឹងធ្វើឲ្យអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ពួកគេកំណត់ថាតើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្វើដោយសេចក្តីស្មោះត្រង់ ហើយនិងចង់ចាប់ផ្តើមការចរចាដោយស្មោះត្រង់លើកិច្ចព្រមព្រៀងសន្តិភាពរយៈពេលយូរឬយ៉ាងណា ៕