សេវាកម្មរថយន្តគិលានសង្រ្គោះអ៊ីស្រាអែល និយាយថា ពលរដ្ឋអ៊ីស្រាអែលម្នាក់ ត្រូវបានសម្លាប់នៅថ្ងៃចន្ទនេះ ក្នុងករណីបាញ់ប្រហារ និងចាក់សម្លាប់សង្ស័យនៅទីក្រុងភាគខាងជើង Haifa ។
ពួកគេបន្តថា មនុស្ស ៤នាក់ផ្សេងទៀត បានរងរបួសនៅក្នុងវាយប្រហារខាងលើដែលបានកើតឡើងនៅជិតផ្សារទំនើប ។ អ្នករងរបួសត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក Rambam ស្ថិតក្នុងទីក្រុង Haifa ។
ដោយឡែក ក្រុមនគរបាលនិយាយថា ជនវាយប្រហារដែលពាក់ព័ន្ធនឹងករណីបាញ់ប្រហារ និងចាក់សម្លាបសង្ស័យនេះ ត្រូវបានសម្លាប់នៅកន្លែងកើតហេតុ ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅក្នុងសេចក្តីថ្លែងការណ៍លាយល័ក្ខជាអក្សរថា ពួកយើងនឹងបន្តធ្វើសង្រ្គាមជាមួយអ្នកទាំងឡាយណាដែលចង់សម្លាប់ពួកយើងនៅគ្រប់ទីកន្លែង ហើយពួកយើងនឹងយកឈ្នះពួកគេឲ្យខាងតែបាន ។
នៅក្នុងរូបភាពវីដេអូឃ្លីបឃើញ ក្រុមនគរបាលបានចុះទៅដល់ចំណុចកើតហេតុ ស្របពេលឮសំឡេងស៊ីរ៉ែនបន្លឺឡើង ។
ការវាយប្រហារនេះដែរ បានកើតមានឡើង បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកពុំបានសម្រេចនៅទីក្រុងតែល អាវីវ ជាទីដែលរថយន្តក្រុង ៣គ្រឿង បានផ្ទុះឡើង ដោយសារគ្រាប់បែកកែឆ្នៃសង្ស័យដែលបានផ្ទុះឡើងមុនពេលកំណត់ ៕