ភ្នំពេញ ៖ សិល្បករចំនួន៣៧រូបមកពីទ្វីបអាស៊ី និងអឺរ៉ុប បាននាំយកស្នាដៃមកបង្ហាញតាមរយៈប្រធានបទធំៗ ចំនួន៦ គឺ Happy Head, Sahaka playground, Encoutering Culture, The longest voyage, Thing that count, ll Nodo: A Sketch of hope នៃមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប២០២១ នៅសារមនី្ទរជាតិ។
នៅក្នុងពិធីសម្ពោធពិព័រណ៍សិល្បៈ នៃមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១ នៅសារមនី្ទរជាតិ កាលពីល្ងាចថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ ក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយឯកឧត្តមតំណាងក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ លោកជំទាវ ឯកអគ្គរដ្ឋទូត Carmen Moreno ប្រមុខបេសកកម្ម នៃសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ដោយមានការសហការរវាងភាគីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហភាពអឺរ៉ុប និងមូលនិធិអាស៊ី អឺរ៉ុប ដើម្បីរៀបចំមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ដែលបង្ហាញពីភាពចម្រុះ នៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមនី្ទរ បានឲ្យដឹងថា សារមនី្ទរជាតិកម្ពុជា ពិតជាទទួលបាននូវកិតិ្តយសខ្លាំងណាស់ដែលគណៈកម្មាធិការរៀបចំព្រឹតិ្តការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារ ASEM បានសម្រេចជ្រើសយកទីតាំងសារមនី្ទរជាតិ នៃកម្ពុជា សម្រាប់ការរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍អបអរកិច្ចប្រជុំកំពូលអាស៊ី និងអឺរ៉ុប លើកទី១៣។
ក្នុងនាមលោក ជានាយកសារមនី្ទរជាតិ យល់ឃើញថា ទីតាំងនេះពិតជាស័កិ្តសមណាស់សម្រាប់ការរៀបចំព្រឹតិ្តការណ៍ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ ព្រោះសារមនី្ទរជាតិ ជាទីតាំងអនុស្សាវរីយ៍មួយសតវត្សរ៍ នៃកេរ្តិ៍ដំណែលជាតិ ដ៏មហាសាលមួយដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងមក។
លោក បានបញ្ជាក់ទៀតថា បើទោះជាស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពុំទាន់បានគ្រប់គ្រងទាំងស្រុង ប៉ុន្តែឥទិ្ធពលនៃជំងឺនេះពុំបានធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃការរៀបចំព្រឹតិ្តការណ៍នានា នៃកិច្ចប្រជុំកំពូលអាស៊ី និងអឺរ៉ុប លើកទី១៣នេះឡើយ។
ជាក់ស្តែងការរៀបចំពិព័រណ៍បង្ហាញស្នាដៃសិល្បៈអបអរកិច្ចប្រជុំនេះ បានធ្វើឡើងក្នុងបរិបទពីរ គឺតាមរយៈអនឡាញ និងការតាំងផ្ទាល់នៅក្នុងសារមនី្ទរជាតិកម្ពុជា។ ការរៀបចំពិព័រណ៍ផ្ទាល់នេះ មានការចូលរួមពីសិល្បករ ចំនួន៣៧រូប មកពីទ្វីបអាស៊ី និងអឺរ៉ុប បាននាំយកស្នាដៃមកបង្ហាញតាមរយៈប្រធានបទធំៗ ចំនួន៦។ ស្នាដៃសិល្បៈទាំងអស់នេះជាស្នាដៃចម្លាក់ រូបថត រូបគំនូរ ឬគ្រឿងអលង្ការ វីដេអូខ្លី ដែលឆ្លុះបង្ហាញបទពិសោធន៍នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំថ្ងៃ និងការទទួលឥទិ្ធពលគំនិតរវាងសិល្បករ នៃទ្វីបទាំងពីរ។
ជារួមខ្លឹមសារ នៃពិព័រណ៍នេះ បានបង្ហាញពីសាមគ្គីភាព និងចំណងមិត្តភាពលើវិស័យវប្បធម៌ នៃបណ្តាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប៕
អត្ថបទ៖ រដ្ឋា