ក្រសួងសហប្រតិបត្តិការអន្តរជាតិអេហ្ស៊ីប នៅថ្ងៃចន្ទ (ទី៣ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសអេហ្ស៊ីប និងគណៈកម្មការអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់មូលនិធិមិនមានលក្ខខណ្ឌតឹងរ៉ឹងចំនួន ៩០លានអឺរ៉ូ (៩៣,៩លានដុល្លារ) ដើម្បីលើកកម្ពស់សន្តិសុខស្បៀង។
មូលនិធិដែលផ្តល់ដោយធនាគារវិនិយោគអឺរ៉ុប (EIB) មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវកន្លែងស្តុកគ្រាប់ធញ្ញជាតិ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសអេហ្ស៊ីប។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃគម្រោងភាពធន់នឹងអាហារដ៏ទូលំទូលាយ ដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប និងធនាគារពិភពលោកផងដែរ ដោយជំនួយបន្ថែម និងហិរញ្ញប្បទានសរុបចំនួន ២១០លានអឺរ៉ូ (២១៩,៣លានដុល្លារ)។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យទីភ្នាក់ងាររដ្ឋាភិបាលទទួលបន្ទុកការផ្គត់ផ្គង់ទំនិញ (GASC) បង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការនាំចូល និងស្តុកស្រូវសាលីឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
នេះជាលើកទី២ ហើយនៅឆ្នាំនេះ ដែល GASC ទទួលបានហិរញ្ញប្បទាន ក្នុងការនាំចូលស្រូវសាលី ទោះបីជាត្រូវបានជំនួសជាអ្នកទិញគ្រាប់ធញ្ញជាតិរបស់រដ្ឋ ដោយក្រុមហ៊ុន Mostakbal Misr ដែលមានទំនាក់ទំនងនឹងយោធាកាលពីចុងឆ្នាំមុនក៏ដោយ៕