មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការលុបបំបាត់ជំងឺស្វិតដៃជើង ដែលជាការគំរាមកំហែងដល់សុខភាពពិភព លោកអាចនឹងត្រូវពន្យារពេល ប្រសិនបើការកាត់បន្ថយមូលនិធិរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃសរុបរាប់រយលានដុល្លារក្នុងរយៈពេលជាច្រើនឆ្នាំមកហើយនោះ មិនត្រូវបានកែប្រែនោះទេ។
WHO ធ្វើការជាមួយអង្គការ និងស្ថាប័នជាច្រើន ដូចជាអង្គការ UNICEF (យូនីសេហ្វ) និងមូលនិធិ Gates Foundation ជាដើម ដើម្បីលុបបំបាត់ជំងឺស្វិតដៃជើង។ ការគ្រោងដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពី WHO បានជះឥទ្ធិពលដល់កិច្ចប្រឹងប្រែងនានា ក្នុងនោះរួមទាំងការបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិកផងដែរ។
កាលពីសប្តាហ៍មុន ជំនួយជំងឺស្ថិតដៃជើងរបស់អង្គការយូនីសេហ្វ ត្រូវបានបញ្ចប់ ខណៈដែលក្រសួងការបរទេស បានកាត់បន្ថយ ៩០ភាគរយនៃជំនួយរបស់ USAID (ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ) នៅទូទាំងពិភពលោក ដើម្បីធ្វើឲ្យការផ្ដល់ជំនួយស្របជាមួយនឹងគោលនយោបាយ «America First» (អាមេរិកទី១) របស់ប្រធានាធិបតី លោក Donald Trump។
នាយកកម្មវិធីលុបបំបាត់ជំងឺស្វិតដៃជើង សម្រាប់តំបន់មេឌីទែរ៉ាណេភាគខាងកើតរបស់ WHO លោក Hamid Jafari បាននិយាយថា ជារួម ភាពជាដៃគូ ត្រូវបាត់បង់ ១៣៣លានដុល្លារពីសហរដ្ឋអាមេរិក ដែលត្រូវបានរំពឹងថា នឹងកើតមាននៅឆ្នាំនេះ។ តំបន់នេះ រួមបញ្ចូលប្រទេសចំនួន ២ ដែលជំងឺស្វិតដៃជើង កំពុងរីករាលដាល គឺអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។
លោកបានប្រាប់ថា «ប្រសិនបើការខ្វះខាតថវិកានៅតែបន្ត វាអាចធ្វើឲ្យយឺតពេលដល់ការលុបបំបាត់ជំងឺនេះ ហើយវាអាចនាំឲ្យមានកុមារខ្វិនដៃជើងកាន់តែច្រើន» ដោយលោកបានបន្ថែមថា កាន់តែពន្យារពេលលុបបំបាត់ជំងឺស្វិតដៃជើង នោះកាន់តែធ្វើមានការចំណាយខ្ពស់៕