មន្ត្រីទំនាក់ទំនង នៅថ្ងៃចន្ទ (ទី៣ ខែមីនា) នេះ បាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) ដែលទទួលបានមូលនិធិជាច្រើនពីសហរដ្ឋអាមេរិក កំពុងបិទការិយាល័យរបស់ខ្លួន នៅតំបន់អាហ្វ្រិកភាគខាងត្បូង។
បើយោងតាមសារព័ត៌មាន Bloomberg News បានឲ្យដឹងថា ការសម្រេចរបស់ WFP ត្រូវបានទាក់ទងទៅកាន់បុគ្គលិក ជុំវិញពិភពលោក តាមរយៈអ៊ីម៉ែល កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដោយនាយកប្រតិបត្តិសកល លោកស្រី Cindy McCain។ អ៊ីម៉ែលបានរៀបរាប់ថា៖ «យើងបានឈានដល់ការសម្រេចចិត្តដ៏លំបាកមួយ ក្នុងការបិទការិយាល័យប្រចាំតំបន់របស់ WFP នៅតំបន់អាហ្វ្រិកភាគខាងត្បូង ក្នុងទីក្រុង Johannesburg»។
មន្ត្រីទំនាក់ទំនងរបស់ WFP នៅទីក្រុង Johannesburg របស់ប្រទេសអាហ្វ្រិកខាងត្បូង បានប្រាប់សារព័ត៌មាន Reuters តាមរយៈសារជាអក្សរថា «ពិតមែនហើយ ការិយាល័យកំពុងត្រូវបានបិទ» ប៉ុន្តែមិនបានឆ្លើយតបទៅនឹងសំណួរថា តើមូលហេតុអ្វី ឬថា តើវាទាក់ទងនឹងការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដែលបញ្ជាដោយប្រធានាធិបតីលោក Donald Trump ដែរ ឬទេ។
គួរបញ្ជាក់ថា តំបន់អាហ្រ្វិកភាគខាងត្បូង នៅតែជួបការលំបាកដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលបណ្តាលឲ្យប្រទេសជាច្រើន រួមមានម៉ាឡាវី ហ្សំប៊ី ហ្ស៊ីមបាវ៉េ និងណាមីប៊ី ប្រកាសគ្រោះមហន្តរាយជាតិ។ WFP បានឲ្យដឹងនៅគេហទំព័ររបស់ខ្លួនថា ខ្លួនបាន និងកំពុងផ្តល់ជំនួយស្បៀងអាហារ និងសាច់ប្រាក់ដល់អ្នកដែលរងផលប៉ះពាល់ ហើយមានបំណងផ្ដល់ឲ្យបានដល់មនុស្សជាង ៧,២លាននាក់ត្រឹមខែនេះ៕