នៅថ្ងៃចន្ទនេះ ជនប៉ាឡេស្ទីននៅទីក្រុង Khan Younis តំបន់ហ្កាហ្សាស្រ្ទីប បានជួបជុំគ្នា ដើម្បីកាន់ទុក្ខ និងឧទ្ទិសកុសលដល់សាកសពបុរសប៉ាឡេស្ទីន ២នាក់ ដែលត្រូវបានសម្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Rafah ។
គ្រូពេទ្យបឋម និយាយថា មនុស្សយ៉ាងហោច ២នាក់ ត្រូវបានសម្លាប់ដោយសាការវាយប្រហារដោយយានដ្រូនអ៊ីស្រាអែលនៅទីក្រុង Rafah ហើយមនុស្ស ៣នាក់ទៀត បានរងរបួសដោយសារការបាញ់ប្រហាររបស់ឧទ្ធម្ភាគចក្រលើទីក្រុង Khan Younis ។ ពួកគេបានលើកឡើងក្តីបារម្ភនៅក្នុងចំណោមជនប៉ាឡេស្ទីនថា បទឈប់បាញ់អាចនឹងដួលរលំទាំងអស់ ក្រោយអ៊ីស្រាអែលបិទច្រកទាំងស្រុងចូលក្នុងដែនដីមួយនេះ ។
គួរឲ្យដឹងថា ដំណាក់កាលដំបូងនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចាប់ផ្តើមកាលពីខែមករា បានបញ្ចប់ទៅកាលពីចុងសប្តាហ៍កន្លងទៅ ដោយគ្មានកិច្ចព្រមព្រៀងលើអ្វីនឹងកើតឡើងបន្ទាប់នោះទេ ។
ក្រុមហាម៉ាស់ និយាយថា ដំណាក់កាលទី ២ដែលបានព្រមព្រៀង ត្រូវចាប់ផ្តើមឥឡូវនេះ ដើម្បីឈានទៅរកការដកទ័ពអចិន្រ្តៃយ៍របស់អ៊ីស្រាអែល ហើយនិងការបញ្ចប់សង្រ្គាម ។
ប៉ុន្តែអ៊ីស្រាអែលគ្រាន់តែផ្តល់ការបន្តបណ្តោះអាសន្នប៉ុណ្ណោះ រហូតដល់ខែមេសា ដើម្បីឲ្យក្រុមហាម៉ាស់ដោះលែងចំណប់ថ្នូរបន្ថែមទៀត ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន ៕