ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃចន្ទ ៣ មីនាសប្ដាហ៍នេះ ថា លោកនឹង «ពុំមានការអត់ធ្មត់» យូរទៀតទេចំពោះជំហររបស់លោក Volodymyr Zelenskyy លើសង្គ្រាមជាមួយរុស្ស៊ី បើមិនព្រមធ្វើកិច្ចព្រមព្រៀងសន្តិភាព ខណៈមេដឹកនាំអ៊ុយក្រែនថាលោកចង់បញ្ចប់ "ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"។

នៅក្នុងសញ្ញាថ្មីនៃទំនាក់ទំនងដែលបែកបាក់ ក្រោយផ្ទុះសង្គ្រាមពាក្យសម្ដីដ៏ខ្លាំងក្លានៅសេតវិមានកាលពីថ្ងៃសុក្រទី២៨កុម្ភៈសប្តាហ៍មុន លោក Trump បានហៅការអះអាងរបស់លោក Zelenskyy ថាកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមនោះគឺនៅតែវែងឆ្ងាយនៅឡើយ។

លោក Trump បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា "អាមេរិកនឹងមិនអត់ធ្មត់យូរទៀតទេ" ។
ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីដែលបានលុកលុយអ៊ុយក្រែនក្នុងឆ្នាំ២០១៤ និងបានពង្រីកជម្លោះយ៉ាងខ្លាំងនៅឆ្នាំ២០២២ ថាមិនយកចិត្តទុកដាក់ចំពោះសន្តិភាព។លោក Zelenskyy បានព្រមានថាការធានាសន្តិសុខដ៏តឹងរ៉ឹងគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ជម្លោះ។
ប៉ុន្តែការវាយប្រហាររបស់លោក Trump លើលោក Zelenskyy បានធ្វើឱ្យការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនកាន់តែតិច ហើយបង្កឱ្យមានក្ដីបារម្ភថាសហរដ្ឋអាមេរិកកំពុងងាកទៅរកប្រទេសរុស្ស៊ី។
ប្រធានាធិបតីអាមេរិកបានបង្កើនការគំរាមកំហែងរបស់លោកក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅសេតវិមានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយលោកបានលើកឡើងថា លោក Zelenskyy "នឹងមិនមានពេលវេលាយូរទេ" បើគ្មានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុងមូស្គូ៕