ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារ (០៤ មីនា) នេះថា លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ថាបង្កើន "ការបង្កហេតុ" ហើយនេះជាហេតុផលសមស្របសម្រាប់រដ្ឋនុយក្លេអ៊ែរមួយនេះក្នុងការបង្កើនការរារាំងនុយក្លេអ៊ែររបស់ខ្លួន។

លោកស្រី Kim បានថ្កោលទោសចំពោះដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះអាមេរិក USS Carl Vinson ទៅកាន់កូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ដោយនិយាយថា សកម្មភាពនេះជាផ្នែកមួយនៃ "គោលនយោបាយប្រឈមមុខដាក់គ្នា" ប្រឆាំងនឹងកូរ៉េខាងជើង។

លោកស្រី Kim និយាយថា "នៅពេលរដ្ឋបាលថ្មីបង្ហាញខ្លួននៅឆ្នាំនេះ សហរដ្ឋអាមេរិកបានបង្កើនការបង្ករឿងផ្នែកនយោបាយ និងយោធា ប្រឆាំងនឹងកូរ៉េខាងជើង ដោយ 'បន្តអនុវត្ត' គោលនយោបាយអរិភាពបែបបង្កហេតុរបស់អតីតរដ្ឋបាលមុន" នេះបើយោងតាមរបាយការណ៍របស់ KCNA ។

ជាការឆ្លើយតប ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃអង្គារនេះថា ការអត្ថាធិប្បាយរបស់លោកស្រី Kim Yo Jong គឺពុំមានអ្វីក្រៅពីការបោកបញ្ឆោតដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែររបស់ខ្លួនឡើយ។ គួរឱ្យដឹងថា កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា នាវាផ្ទុកយន្តហោះអាមេរិកមួយនោះបានទៅដល់ទីក្រុងកំពង់ផែប៊ូសាន របស់កូរ៉េខាងត្បូង ជាការបង្ហាញកម្លាំងប្រឆាំងនឹងកូរ៉េខាងជើង៕