សហរដ្ឋអាមេរិក កំពុងរៀបចំផែនការមួយដើម្បីផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសរុស្ស៊ី ខណៈលោកប្រធានាធិបតី Donald Trump ស្វែងរកការស្តារទំនាក់ទំនងជាមួយទីក្រុងមូស្គូឡើងវិញ និងបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន នេះបើតាមមន្ត្រីសហរដ្ឋអាមេរិក និងបុគ្គលម្នាក់ទៀតដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន Reuters។

ប្រភពខាងលើនិយាយថា សេតវិមានបានស្នើឱ្យក្រសួងការបរទេស និងរតនាគាររៀបចំបញ្ជីទណ្ឌកម្មដែលអាចត្រូវបានបន្ធូរបន្ថយសម្រាប់មន្ត្រីសហរដ្ឋអាមេរិកពិភាក្សាជាមួយអ្នកតំណាងរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខ ដែលជាផ្នែកនៃកិច្ចពិភាក្សាទូលំទូលាយរបស់រដ្ឋបាលអាមេរិកជាមួយទីក្រុងមូស្គូ ស្តីពីការកែលម្អទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។

យោងតាមប្រភពនានាបានឱ្យដឹងថា ការិយាល័យដាក់ទណ្ឌកម្មឥឡូវនេះកំពុងរៀបចំសំណើសម្រាប់ការដកទណ្ឌកម្មលើអង្គភាព និងបុគ្គលមួយចំនួន រួមទាំងក្រុមមេដឹកនាំធុរកិច្ចរុស្ស៊ីមួយចំនួនផងដែរ។
ឯកសារដែលហៅថាឯកសារជម្រើស ជារឿយៗត្រូវបានព្រាងដោយក្រុមមន្ត្រីដែលធ្វើការលើការដាក់ទណ្ឌកម្ម ប៉ុន្តែសំណើជាក់លាក់របស់សេតវិមានសម្រាប់ឯកសារមួយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានគូសបញ្ជាក់អំពីឆន្ទៈរបស់លោក Trump និងក្រុមទីប្រឹក្សារបស់លោកក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ជាមួយទីក្រុងមូស្គូ។

ប៉ុន្តែគេពុំបានដឹងច្បាស់ភ្លាមៗថាតើទីក្រុងវ៉ាស៊ីនតោន អាចស្វែងរកអ្វីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មណាមួយនៅឡើយទេ៕