បណ្ដាទីភ្នាក់ងារមនុស្សធម៌បានព្រមានកាលពីថ្ងៃចន្ទ (០៣ មីនា) ថា ឃ្លាំងស្តុកទុកស្បៀងអាហារ ឱសថ និងទីជម្រកនៅតំបន់ហ្កាហ្សា កំពុងជួបការលំបាក និងមានកម្រិត ហើយគ្រឿងផ្គត់ផ្គង់សម្រាប់ជនជាតិប៉ាឡេស្ទីនដែលត្រូវការជំនួយខ្លាំង អាចនឹងត្រូវខូចខាត បន្ទាប់ពីការផ្អាកការដឹកជញ្ជូនរបស់អ៊ីស្រាអែល ទៅកាន់តំបន់ហ៊ុមព័ទ្ធនោះ។

អ៊ីស្រាអែល បានរារាំងមិនឱ្យរថយន្តជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ដោយសារការប្រឈមមុខដាក់គ្នាបានកើនឡើងជុំវិញបទឈប់បាញ់ ដែលបានបញ្ឈប់ការប្រយុទ្ធអស់ពេល ៦សប្តាហ៍កន្លងមកនេះ។

មន្ត្រីអង្គការសហប្រជាជាតិប្រចាំតំបន់ហ្កាហ្សា បាននិយាយថា "ភាគច្រើននៃគ្រឿងផ្គត់ផ្គង់ដែលបានចូលក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ត្រូវបានចែកចាយរួចហើយ... ឥឡូវនេះ ឃ្លាំងស្តុកកំពុងជួបការលំបាក និងមានកម្រិត ហើយតម្លៃទំនិញកើនឡើងខ្លាំងរួចហើយ"។

អង្គការគ្រូពេទ្យគ្មានព្រំដែន MSF បានព្រមានថា ការផ្អាកជំនួយនឹងបន្ថែមសម្ពាធយ៉ាងសំខាន់ទៅលើប្រជាជនប៉ាឡេស្ទីន ២លាននាក់នៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធ ដែលនៅតែទទួលរងការខ្វះខាតនៃទំនិញសំខាន់ៗ បន្ទាប់ពីសង្គ្រាម ១៦ខែ។ កន្លងមក អ៊ីស្រាអែល ចោទក្រុមហាម៉ាស ថាលួចប្លន់ជំនួយ ប៉ុន្តែក្រុមនេះបដិសេធ។
សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និយាយថា រថយន្តដឹកទំនិញជាង ៣០០គ្រឿង ដែលផ្ទុកដោយជំនួយ ត្រូវបានបញ្ឈប់មិនឱ្យឆ្លងកាត់ព្រំដែនពីអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ ហើយឃ្លាំងចំនួន៥ របស់ខ្លួននៅអេហ្ស៊ីប ដែលស្តុកស្បៀងអាហារ ទឹក និងឱសថ បច្ចុប្បន្នមានសមត្ថភាព ៥០% ប៉ុណ្ណោះ ខណៈកាលបរិច្ឆេទផុតកំណត់នៃទំនិញក្នុងនោះកំពុងត្រូវបានត្រួតពិនិត្យ៕