ប្រទេសអ៊ីស្រាអែលនៅសប្ដាហ៍នេះ បានដាក់ចេញនូវអ្វីដែលខ្លួនហៅថាជាផែនការស្ដីពីបទឈប់បាញ់ថ្មីមួយពង្រាងដោយសហរដ្ឋអាមេរិក ខុសពីសំណើបទឈប់បាញ់ដែលខ្លួនបានព្រមព្រៀងកាលពីខែមករា ហើយប្រទេសនេះកំពុងព្យាយាមបង្ខំឲ្យក្រុមហាម៉ាសទទួលយកឆ្ពោះទៅរកបទឈប់បាញ់ដំណាក់កាលទី២បញ្ចប់ការប្រយុទ្ធគ្នាលើដែនដីហ៊ុព័ទ្ធហ្កាហ្សាស្ទ្រីប។

ស្របពេលរដ្ឋាភិបាលអ៊ីស្រាអែលជាប់គាំងលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានព្រមព្រៀងគ្នារវាងខ្លួន និងក្រុមប៉ាឡេស្ទីនហាម៉ាស ដោយពន្យារពេលដល់ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងនោះ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅខាងក្រៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីយប់ថ្ងៃអាទិត្យ។
ក្រុមអ្នកតវ៉ាអ៊ីស្រាអែលខឹងនឹងការសម្រេចចិត្តរបស់លោកក្នុងការពង្រីកដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងជាឯកតោភាគី ហើយមានការខកចិត្តចំពោះការពន្យារពេលរបស់នាយករដ្ឋមន្ត្រីរូបនេះក្នុងការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងនេះ ត្រូវបានសម្របសម្រួលកាលពីខែមករា ដែលបានផុតកំណត់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។
ប៉ុន្តែបដា និងពាក្យស្លោករបស់ពួកគេ ពុំមានការបញ្ជាក់ពីការឈឺចាប់របស់ជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាទេ បន្ទាប់ពីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានរារាំងមិនឲ្យដឹកជំនួយមនុស្សធម៌ ចូលក្នុងដែនដីហែកហួរដោយសង្រ្គាមមួយនេះ។

ផ្ទុយទៅវិញ ការផ្តោតសំខាន់គឺទៅលើចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅតែត្រូវបានឃុំទុកក្នុងដែនដីហ្កាហ្សាខណៈលោកNetanyahuព្យាយាមអូសពេលដែលទំនងជាផ្តោតលើការស្វែងរកមធ្យោបាយដើម្បីជៀសវាងការបញ្ចប់សង្រ្គាម។សកម្មភាពរដ្ឋាភិបាលអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យហាក់ចង្អុលទៅទិសដៅនៃការបញ្ចប់បទឈប់បាញ់ និងការបន្តសង្គ្រាមទាំងអស់នៅហ្កាហ្សា ទោះក្រុមអ្នកចាប់ឃុំខ្លួននៅទីនោះក៏ដោយ៕