ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា ពេលវេលាបានអស់ហើយ ក្នុងការបំពេញការសន្យារបស់លោកដំឡើងពន្ធដ៏ខ្ពស់លើការនាំចេញពីប្រទេសកាណាដា ម៉ិកស៊ិក និងប្រទេសចិន ដែលចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារម៉ោងនៅអាមេរិក។

លោកបាននិយាយថា "គ្មានឱកាសសម្រាប់កាណាដា ឬ ម៉ិកស៊ិកទេ ហើយការដំឡើងពន្ធបានរៀបចំរួចរាល់ហើយ នៅពេលសួរសំណួរក្នុងសន្និសីទសារព័ត៌មាន ដែលប្រកាសពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតបន្ទះឈីបរបស់កោះតៃវ៉ាន់។

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សដែលផលិតបន្ទះឈីបឲ្យក្រុមហ៊ុននានារួមមាន Apple, Intel និង Nvidia បានប្រកាសថា ខ្លួននឹងវិនិយោគបន្ថែមចំនួន១០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក លើសពីចំនួន៦៥ ពាន់លានដុល្លារដែលខ្លួនបានប្រកាសកាលពីកន្លងទៅ។

ការដំឡើង១០%បន្ថែមលើពន្ធបានដាក់កាលពីខែមុន និងពន្ធដែលលោក Trump បានដាក់លើទំនិញចិនមានតម្លៃជាង ៣០០ ពាន់លានដុល្លារក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។
ជាមួយគ្នានោះដែរ ក្រុមអ្នករិះគន់ព្រមានថា ជម្លោះពន្ធនេះ នឹងបង្កការលំបាកដល់ពលរដ្ឋអាមេរិកសម្រាប់ការចំណាយចេះតែកើនឡើងក្នុងជីវិភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ពលរដ្ឋអាមេរិកភាគច្រើននិយាយថា ប្រាក់ចំណូលរបស់ពួកគេមិនដើរតាមអតិផរណាទេ ដោយសារតម្លៃទំនិញនៅជុំវិញពួកគេកើនឡើង ឬនៅដដែល។ មានការព្រួយបារម្ភយ៉ាងខ្លាំងពីសមត្ថភាពក្នុងការសន្សំលុយ ឬទិញបន្ថែម។ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ CBS Sunday Morning លោក Warren Buffett ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway បានហៅការដំឡើងពន្ធនេះថាជា"ទង្វើនៃសង្រ្គាម"៕