ប៊ុលហ្គារី៖ ក្រុមមន្ត្រីនិយាយថា មនុស្សយ៉ាងហោចណាស់ ៤៥នាក់បានស្លាប់រួមទាំងកុមារ ១២នាក់បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងត្រូវបានភ្លើងឆេះនៅលើផ្លូវហាយវ៉េ ក្នុងប្រទេសប៊ុលហ្គារីភាគខាងលិចនៅព្រឹកថ្ងៃអង្គារនេះ។
មន្ត្រីក្រសួងមហាផ្ទៃលោក Nikolai Nikolov បានប្រាប់ទូរទស្សន៍ BTV ថា ជនរងគ្រោះភាគច្រើនជាភ្ញៀវទេសចរមកពីប្រទេសម៉ាសេដូនីខាងជើង។ មនុស្សមួយចំនួន ៧នាក់ដែលត្រូវភ្លើងឆេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Sofia។ មន្ត្រីម្នាក់មកពីមន្ទីរពេទ្យសង្គ្រោះបន្ទាន់ Sofia បាននិយាយថា មនុស្ស ៧នាក់បានលោតចេញពីរថយន្តក្រុងដែលកំពុងឆេះ ហើយពួកគេទាំងអស់មានស្ថានភាពធម្មតា។ លោកនាយករដ្ឋមន្ត្រីម៉ាសេដូនីខាងជើង Zoran Zaev បានប្រាប់ BTV ថា លោករន្ធត់ណាស់នេះគឺជាសោកនាដកម្មដ៏ធំបំផុត។ ក្រុមមន្ត្រីប៊ុលហ្គារីបាននិយាយថា គេនៅមិនទាន់ដឹងពីមូលហេតុនាំឲ្យមានឧបទ្ទវហេតុនេះនៅឡើយទេ ប៉ុន្តែរថយន្តក្រុងនេះទំនងជាប៉ះទង្គិចនឹងរនាំងបាំងចិញ្ចើមផ្លូវហាយវ៉េមុនពេល ឬបន្ទាប់ពីភ្លើងឆេះ៕
អត្ថបទ៖ សុខមាន