នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានត្រៀមផែនការទប់ទល់នឹងភាពតានតឹងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ដោយព្រមានថា ពន្ធសងសឹកលើកដំបូងលើទំនិញរបស់សហរដ្ឋអាមេរិក នឹងចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ០៣ មីនា ឈានចូលថ្ងៃអង្គារ ០៤ មីនា នេះ (ពេលវេលានៅកាណាដា) ប្រសិនបើអាមេរិក បន្តការដំឡើងពន្ធ ២៥% លើទំនិញនាំចូលពីកាណាដា។

លោក Trudeau បាននិយាយថា រលកទីមួយនៃការសងសឹកនេះគឺនឹងកំណត់គោលដៅលើទំនិញ ៣០ពាន់លានដុល្លាររបស់អាមេរិក ខណៈពន្ធបន្ថែមទៀតលើផលិតផលតម្លៃ ១២៥ពាន់លានដុល្លារ នឹងចូលជាធរមានក្នុងពេល ២១ថ្ងៃបន្ទាប់។

ជាមួយគ្នានេះ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum ក៏បានបញ្ជាក់ថា ខ្លួននឹងរង់ចាំមើលថាតើប្រធានាធិបតីអាមេរិក លោក Donald Trump ធ្វើតាមការគំរាមដំឡើងពន្ធ ២៥% លើម៉ិកស៊ិក នៅថ្ងៃអង្គារ ០៤ មីនា នេះឬទេ ដោយបន្ថែមថា ម៉ិកស៊ិកមានផែនការបម្រុងទុករួចហើយដើម្បីតតាំងនឹងរឿងនេះ ក្នុងករណីដែលពន្ធចូលដំណើរការ ប៉ុន្តែមិនបញ្ជាក់លម្អិតទេ។

លោក Donald បាននិយាយកាលពីថ្ងៃចន្ទថា សង្គ្រាមពាណិជ្ជកម្មដែលគំរាមកំហែងដ៏យូរមកហើយរបស់លោក ក្នុងការដំឡើងពន្ធ ២៥% កំពុងដំណើរការទៅមុខ ហើយពុំមានអ្វីដែលកាណាដា ឬម៉ិកស៊ិកអាចធ្វើបានដើម្បីបញ្ឈប់រឿងនេះទេ ព្រោះពួកគេធ្វើមិនបានគ្រប់គ្រាន់ដើម្បីបញ្ឈប់លំហូរសារធាតុញៀនហ្វង់តានីល និងការមកដល់របស់ជនអន្តោប្រវេសន៍នៅតាមព្រំដែនជាមួយអាមេរិកឡើយ៕