អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ (០៣ មីនា) ថា ការផ្តល់ឱ្យទីក្រុងវ៉ាស៊ីនតោន នូវផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតរបស់អ៊ុយក្រែន នឹងបម្រើជាការធានាសន្តិសុខដ៏ល្អបំផុតសម្រាប់ទីក្រុងគីវ ដែលកំពុងទប់ទល់នឹងប្រតិបត្តិការយោធារុស្ស៊ី តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២ មក។

លោក Vance បាននិយាយនៅក្នុងបទសម្ភាសន៍នេះថា "ប្រសិនបើអ៊ុយក្រែន ចង់បានការធានាសន្តិសុខពិតប្រាកដ និងចង់ធានាថា រុស្ស៊ីមិនវាយលុកអ៊ុយក្រែនម្តងទៀត នោះការធានាសន្តិសុខដ៏ល្អបំផុតគឺការផ្តល់ឱ្យអាមេរិក នូវកំណើនសេដ្ឋកិច្ចនាពេលអនាគតនៅអ៊ុយក្រែន"។ លោកបន្ថែមថា “នោះគឺជាវិធីធានាល្អប្រសើរជាងទាហាន ២០.០០០នាក់ មកពីប្រទេសមួយចំនួនដែលមិនបានធ្វើសង្គ្រាមអស់ពេលរាប់សិបឆ្នាំមកហើយ”។

ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងស្វះស្វែងរកកិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែន ដែលជាកន្លែងស្តុកទុកលីចូម និងរ៉ែកម្រជាច្រើន - ជាសំណងសម្រាប់ជំនួយរាប់ពាន់លានដុល្លារដែលអាមេរិក ឱ្យដល់អ៊ុយក្រែន អំឡុងសង្រ្គាម។

កិច្ចពិភាក្សាដ៏តានតឹងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ជាមួយលោក Trump នៅសេតវិមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានមើលឃើញការទាស់សម្ដីគ្នាយ៉ាងអាក្រក់ ហើយបានបញ្ចប់ដោយពុំមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាផ្លូវការឡើយ ប៉ុន្តែអាមេរិក នៅតែបង្ហើបថាកិច្ចព្រមព្រៀងអាចទៅរួច៕
