ក្រុមអ្នកវិទ្យាសាស្ត្រផែនដី ជីវវិទូសមុទ្រ អ្នកស្រាវជ្រាវមហាសមុទ្រ និងអ្នកឯកទេសបម្រែបម្រួលអាកាសធាតុ ដែលមានទំនាក់ទំនងជាមួយស្ថាប័នពិភពលោកជាច្រើននៅអូស្ត្រាលី និងចក្រភពអង់គ្លេស កំពុងព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរទាក់ទងនឹងកំណើនរលកកម្ដៅសមុទ្រដ៏ខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

នៅក្នុងអត្ថបទអត្ថាធិប្បាយនៅទិនានុប្បវត្តិបម្រែបម្រួលធម្មជាតិ Nature Climate Change អ្នកវិទ្យាសាស្រ្តទាំងនោះបានសង្កត់ធ្ងន់ថា រលកកម្ដៅបែបនេះជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការនៃមហាសមុទ្រ ជីវិតសត្វសមុទ្រនៅក្នុងតំបន់ដែលមានកម្ដៅខ្លាំង និងសហគមន៍នានានៅតាមឆ្នេរសមុទ្រ។ រលកកម្ដៅដ៏អាក្រក់នេះក៏ត្រូវបានផ្សារភ្ជាប់ផងដែរជាមួយនឹងព្យុះធំៗ ដែលអាចបណ្តាលឱ្យមានការបំផ្លិចបំផ្លាញខ្លាំងនៅពេលបោកបក់ដល់ដីគោក។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកវិទ្យាសាស្ត្រ សារព័ត៌មានអន្តរជាតិ ក្រុមបរិស្ថាន និងស្ថាប័នជាច្រើនទៀត បានព្រមានពីកំណើនរលកកម្ដៅសមុទ្រនៅក្នុងមហាសមុទ្រទាំងអស់របស់ពិភពលោក ដែលក្នុងនោះតំបន់មួយចំនួននៃមហាសមុទ្រ ជួបប្រទះនឹងសីតុណ្ហភាពខ្ពស់ជាងមធ្យមក្នុងពេលដ៏យូរមិនប្រក្រតី។

នៅក្នុងសេចក្ដីអត្ថាធិប្បាយនោះ អ្នកនិពន្ធលើកឡើងថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ចំនួនដ៏ច្រើននៃរលកកម្ដៅកាចសាហាវបែបនេះក្នុងឆ្នាំ ២០២៣-២០២៤ គឺខ្ពស់ជាង ២៤០% ច្រើនជាងឆ្នាំណាមួយទាំងអស់ក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រា។ ពួកគេក៏កត់សម្គាល់ផងដែរថា រលកកម្ដៅបែបនេះកាន់តែញឹកញាប់ នោះនឹងកាន់តែពិបាកសម្រាប់តំបន់រងផលប៉ះពាល់ក្នុងការងើបឡើងវិញ៕