ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមានទឹកជំនន់ និងទន្លេពេញហៀរនៅភាគខាងជើងប្រទេសប៉េរូ ដោយបង្ខំឱ្យអ្នកស្រុក ត្រូវភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយរដ្ឋាភិបាលបានចេញការព្រមានពណ៌លឿងទុំ។

ការិយាល័យសេវាឧតុនិយមនិងជលសាស្ត្រជាតិ ដែលបានចេញការព្រមានព័ណ៌លឿងទុំនៅក្នុងតំបន់ទាំងមូល បាននិយាយថា អ្នកស្រុកនៅតំបន់ភាគខាងជើងទីក្រុង Tumbes បានមើលឃើញទឹកទន្លេមានលំហូរកើនឡើងខ្លាំង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនប្រហែល ១៥០.០០០នាក់ និងលំនៅឋានចំនួន៣.០០០ខ្នង ហើយបានបណ្តាលឱ្យខូចខាតនៅតាមទីសាធារណៈដូចជាទីបញ្ចុះសព ជាដើម។

កាលពីថ្ងៃច័ន្ទ ទី៣ ខែមីនា រដ្ឋាភិបាលបានចេញការព្រមានព័ណ៌លឿងទុំ ខណៈបរិមាណទឹកទន្លេ បានហក់ឡើងលើសកម្រិតប្រកាសអាសន្ន។
ការព្រមានព័ណ៌លឿងទុំ មានន័យថា ទឹកទន្លេត្រូវបានគេរំពឹងថានឹងពេញហៀរ ប្រហែលជាបណ្តាលឱ្យមានទឹកជំនន់ នៅក្នុងតំបន់មានប្រជាជនរស់នៅច្រើន និងផ្ទៃដីធ្វើកសិកម្ម។