រថយន្តមួយគ្រឿង បានបើកបុកចូលហ្វូងមនុស្សនៅទីក្រុង Mannheim ភាគខាងលិចប្រទេសអាល្លឺម៉ង់កាលពីថ្ងៃច័ន្ទ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស និងបានកាត់បន្ថយពេលវេលាការប្រារព្ធពិធីបុណ្យ Carnival នៅក្នុងតំបន់ដែលនគរបាលបានប្រុងប្រយ័ត្នចំពោះការវាយប្រហារសន្តិសុខ។

នគរបាលបានចាប់ខ្លួនអ្នកបើកបររថយន្ត ហើយក្រោយមកបាននិយាយថា ជនបង្កបានធ្វើសកម្មភាពតែម្នាក់ឯង ដោយពុំមានការគំរាមកំហែងខ្លាំងត្រូវបានមើលឃើញសម្រាប់សាធារណជនឡើយ។
សាក្សីនិយាយថា មនុស្សជាច្រើនត្រូវបានគេឃើញដេកនៅលើដីនៅកន្លែងកើតហេតុ។ កាសែត Bild បានរាយការណ៍ដោយដកស្រង់ពីប្រភពសន្តិសុខថា មនុស្សពីរនាក់បានស្លាប់ និង២៥នាក់បានរងរបួស ក្នុងនោះ១៥នាក់រងរបួសធ្ងន់។

វានៅមិនច្បាស់នៅឡើយទេថាតើអ្នកបើកបរបានប្រព្រឹត្តដោយចេតនា ឬថាតើមានការជាប់ពាក់ព័ន្ធទៅនឹងការប្រារព្ធពិធីបុណ្យ carnival នៅប្រទេសអាល្លឺម៉ង់ ដោយមានដង្ហែរក្បួនមួយចំនួន។
គេហទំព័រ Focus Online បានរាយការណ៍ថា បុរសដែលត្រូវបាននគរបាលចាប់ខ្លួន គឺជាបុរសអាយុ៤០ ឆ្នាំ ហើយបុរសរូបនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
នគរបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីអត្តសញ្ញាណរបស់ជនសង្ស័យដោយនិយាយថា នេះគឺជាការផ្តោតសំខាន់លើការស៊ើបអង្កេត។ សន្តិសុខ គឺជាក្តីកង្វល់ដ៏សំខាន់នៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានការវាយប្រហារដោយហិង្សាជាច្រើនលើកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការបើករថយន្តបំបុកនៅទីក្រុង Magdeburg កាលពីខែធ្នូ និងនៅទីក្រុង Munich កាលពីខែមករា ។