ភ្នំពេញ៖នៅក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីមូលហេតុជាច្រើន ដែលកម្ពុជា មានភាពចាំបាច់ក្នុងការបន្តការងារកែទម្រង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីតែងតែលើកឡើងជារឿយៗថា ការកែទម្រង់រដ្ឋបាលសាធារណៈ ឬការវិភាគមុខងារជាដើម ត្រូវបានអនុវត្តជាប្រចាំមកហើយ។ អ្វីដែលរាជរដ្ឋាភិបាល ដោយមានក្រសួងមុខងារសាធារណៈជាសេនាធិការសម្របសម្រួល បាន និងកំពុងធ្វើនាពេលនេះ គឺជាការបន្តការងារនេះ ដោយគ្រាន់តែសម្រួចមុំនៃការអនុវត្តតែប៉ុណ្ណោះ។ បន្ថែមលើការរៀបរាប់ពីឱកាស និងគុណប្រយោជន៍ល្អៗដែលកម្ពុជានឹងអាចទទួលបានចេញពីការវិភាគមុខងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រីរាជការដែលមានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណាមួយនោះទេ។”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងបន្ថែមថា “មកដល់ពេលនេះ ការវិភាគមុខងារ បានបង្ហាញឱ្យឃើញចំណុចមួយចំនួន ដែលអាចឱ្យយើងរកវិធីសាស្ត្រដោះស្រាយ តាមរយៈការសហការពិគ្រោះយោបល់ជាមួយគ្នា។ ផ្អែកទៅលើមូលដ្ឋាននេះ មិនមានចំណុចខុសឆ្គងទេ ប៉ុន្តែយើងមានចំណុចដែលអាចកែឱ្យប្រសើរឡើង ដើម្បីអ្នកជំនាន់ក្រោយមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្លាំង ខ្ពស់ វៃឆ្លាត ស្អាតស្អំ សម្រាប់បម្រើប្រជាជន។” [...] “ការវិភាគមុខងារ គឺជាឱកាស ជាជាងបន្ទុក។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែម។

គួររម្លឹកថា ក្រៅពីការសហការគ្នារវាងមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ននីមួយៗ ជាមួយក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់ឱកាសឱ្យមានការរៀបចំសិក្ខាសាលា ហើយចូលរួមដោយផ្ទាល់ ដើម្បីចែករំលែក និងធ្វើវឌ្ឍនភាពនៃព័ត៌មានជុំវិញការងារវិភាគមុខងារ ព្រមទាំងផ្តល់ជាវេទិកា ដើម្បីជម្រះមន្ទិល និងស្វែងរកធាតុចូលនានា ក្នុងស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ជាសិក្ខាសាលាទី១៨ ដែលក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នសាមីនីមួយៗ បានសហការរៀបចំ៕




