អេត្យូពី៖ រដ្ឋាភិបាលរបស់ប្រទេសអេត្យូពីកំពុងលើកទឹកចិត្តស្ត្រី ឱ្យជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមដោយការបរិច្ចាគប្រាក់ អាហារ ពេលវេលា និងសូម្បីតែឈាមរបស់ពួកគេ។ ស្ត្រីកំពុងប្រមូលផ្ដុំគ្នាដោយសែងបាវស្បៀងអាហារដ៏ធ្ងន់ ដែលបានបរិច្ចាគពីអ្នកជិតខាងក្នុងតំបន់របស់ពួកគេ។

អ្នកខ្លះទៀតមកជួយហាលស្រូវសាលី និងតម្រៀបអាហារសម្រាប់ដឹកជញ្ជូនទៅឲ្យទាហាន ដែលកំពុងជាប់ដៃប្រយុទ្ធនៅសមរភូមិជួរមុខ។ អ្នកស្រី Lomi Bekele ជាអ្នកគាំទ្ររដ្ឋាភិបាលដែលបានលះបង់ពេលវេលា ជួយប្រទេសនេះបាននិយាយថា យើងកំពុងធ្វើគ្រប់យ៉ាងដែលយើងអាចធ្វើបានជួយដល់ទាហានរដ្ឋាភិបាល។ យើងកំពុងរៀបចំស្រូវសាលី។ យើងក៏កំពុងបរិច្ចាគឈាមដល់យោធាផងដែរ។ យើងក៏កំពុងបរិច្ចាគប្រាក់របស់យើងដើម្បីបុព្វហេតុនេះដែរ»។ គិលានុបដ្ឋាយិកានៅក្បែរនោះបានជួយមនុស្ស ក្នុងការទទួលយកឈាមពីអ្នកស្ម័គ្រចិត្តសម្រាប់ទាហានដែលរងរបួស។
អ្នកស្រី Etaferahu Tekalegn ជាម្ដាយមានកូន ៣នាក់ដែលមករៀបចំស្បៀងអាហារជូនដល់ទាហាន និងមានឱកាសបរិច្ចាគឈាមផងដែរនោះបាននិយាយថា ខ្ញុំធ្វើរឿងនេះ ព្រោះខ្ញុំចង់ជួយទាហានរដ្ឋាភិបាលដែលបានរងរបួស។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ញ៉កអាហ្វ្រិក លោក Jeffrey Feltman ត្រូវបានបដិសេធដោយនាយករដ្ឋមន្ត្រី Abiy Ahmedr ក្នុងការអំពាវនាវឱ្យបញ្ចប់ការបិទផ្លូវមនុស្សធម៌នៃតំបន់ Tigray ភាគខាងជើងជាជម្រករបស់ក្រុមឧទ្ទាម ដែលឥឡូវនេះកំពុងវាយរុលទៅមុខឆ្ពោះទៅកាន់រដ្ឋធានីរបស់ប្រទេសមួយនេះ៕
អត្ថបទ៖ សុខមាន