ប្រទេសចិន នៅថ្ងៃអង្គារ (០៤ មីនា) នេះ បានសងសឹកវីញយ៉ាងឆាប់រហ័សប្រឆាំងនឹងការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដោយបានប្រកាសពីការដំឡើងពន្ធ ១០% ទៅ ១០% បកទៅវិញ លើការនាំចូលពន្ធផលិតផលកសិកម្ម និងស្បៀងអាហាររបស់អាមេរិកជាច្រើនមុខ ហើយក៏បានដាក់ក្រុមហ៊ុនអាមេរិក ២៥ស្ថាប័ន នៅក្រោមការរឹតបន្តឹងលើការនាំចេញ និងការវិនិយោគផងដែរ។

ពន្ធបន្ថែម ១០% របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានគំរាមលើចិនកាលពីសប្តាហ៍មុន បានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) ដែលនាំឱ្យពន្ធសរុបកើនឡើង ២០% ជាការឆ្លើយតបនៅក្នុងអ្វីដែលសេតវិមានចាត់ទុកថាជាភាពអសកម្មរបស់ចិន ជុំវិញលំហូរគ្រឿងញៀន។

ក្រសួងហិរញ្ញវត្ថុចិន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងប៉េកាំង នឹងដាក់ពន្ធបន្ថែម ១៥% លើសាច់មាន់ ស្រូវសាលី ពោត និងកប្បាសរបស់អាមេរិក និងពន្ធបន្ថែម ១០% លើសណ្តែកសៀង គ្រាប់ធញ្ញជាតិ សាច់ជ្រូក សាច់គោ លិតផលជលផល ផ្លែឈើ និងបន្លែ និងការនាំចូលទឹកដោះគោ ចាប់ពីថ្ងៃទី១០ ខែមីនា តទៅ។

ពន្ធបន្ថែម ២៥% របស់លោក Trump លើការនាំចូលពីម៉ិកស៊ិក និងកាណាដា ក៏បានចូលជាធរមានផងដែរនៅថ្ងៃអង្គារ ដោយចាប់ផ្តើមជម្លោះពាណិជ្ជកម្មថ្មីជាមួយដៃគូពាណិជ្ជកម្មកំពូលទាំងបីរបស់អាមេរិក ខណៈពន្ធនោះនឹងបំផ្លាញជិត ២,២សែនកោដិ៍ដុល្លារ ក្នុងពាណិជ្ជកម្មប្រចាំឆ្នាំពីរផ្លូវរបស់អាមេរិក៕