ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម បាននិយាយថា ពួកគេភ័យខ្លាចកង្វះស្បៀងអាហារ និងការដំឡើងថ្លៃទំនិញកប់ពពក បន្ទាប់ពីអ៊ីស្រាអែល បានបញ្ឈប់ការផ្តល់ជំនួយចូលទៅក្នុងទឹកដីហ៊ុមព័ទ្ធនេះ ដើម្បីដាក់សម្ពាធក្រុមហាម៉ាស ឱ្យយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការបន្តបទឈប់បាញ់។

ឥទ្ធិពលនៃសេចក្តីប្រកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី០២ ខែមីនា បានជះផលអាក្រក់ភ្លាមៗ ហើយបញ្ជូនរលកធំៗតាមទីផ្សារនានាទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។ តម្លៃទំនិញមូលដ្ឋានបានឡើងថ្លៃខ្លាំង បើទោះជាមានការព្យាយាមដោយអាជ្ញាធរដើម្បីរក្សាស្ថិរភាពក៏ដោយ នេះបើតាមអ្នកដើរទិញឥវ៉ាន់ និងបុគ្គលិកជំនួយបានប្រាប់សារព័ត៌មាន AFP។

អ្នកទិញទំនិញជនជាតិប៉ាឡេស្ទីននិយាយថា ដរាបណាច្រកឆ្លងកាត់របស់ហ្កាហ្សានៅតែបិទ "តម្លៃនឹងកើនឡើងកប់ពពក" ដោយសព្វថ្ងៃនេះ ស្ករមួយគីឡូក្រាមតម្លៃពី ១០ស្ហាកែល ឬ ១២ស្ហាកែល (ប្រហែល ៣ដុល្លារអាមេរិក) រួចទៅហើយ ដែលច្រើនជាងតម្លៃមុនសង្គ្រាមដល់ទៅ ២ដង។

ទោះបីជាស្តុកឧបករណ៍វេជ្ជសាស្ត្រត្រូវបានបំពេញបន្ថែមខ្លះក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ក៏ដោយ ក៏ប៉ុន្តែគ្រឿងផ្គត់ផ្គង់ផ្សេងទៀតដូចជាម៉ាស៊ីនភ្លើង និងជំនួយសម្រាប់ការបន្សុទ្ធទឹកត្រូវបានរារាំង ដោយសារអ៊ីស្រាអែល ដាក់ស្លាកសម្ភារៈទាំងនោះថា "ប្រើប្រាស់បានពីរផ្លូវ" ដែលមានន័យថាអាចត្រូវបានក្រុមសកម្មប្រយុទ្ធយកទៅប្រើបង្កើតជាសព្វាវុធ៕