បណ្តាញទូរទស្សន៍ Al Mayadeen បានរាយការណ៍ថា មនុស្សជាច្រើននាក់ បានរងរបួស ខណៈដែលយោធាអ៊ីស្រាអែល បានបើកការបាញ់ព្រមានទៅលើជនភៀសខ្លួនមួយក្រុម ដែលត្រឡប់ទៅទីក្រុងព្រំដែន Kfar Kila ភាគខាងត្បូងប្រទេសលីបង់។

យោងតាមទូរទស្សន៍ បានឲ្យដឹងថា ការបាញ់ព្រមាននេះ បានកើតឡើងនៅជិតផ្ទះលំនៅឋានមួយ ដែលមានទីតាំង នៅជិតប៉ុស្តិ៍ត្រួតពិនិត្យ Bab-Fatima។ ម្នាក់ក្នុងចំណោមអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ។

នាពេលមុននេះ កងកម្លាំងអ៊ីស្រាអែល បានបិទផ្លូវរវាងទីក្រុង Kfar Kila និងទីក្រុង Edeisa ដែលនៅជិតខាង។
កាលពីថ្ងៃទី ០១ និងទី ០២ ខែមីនា កងកម្លាំងអ៊ីស្រាអែល បានបាញ់ផ្លោងជាច្រើនលើក ទៅលើភូមិព្រំដែននៅក្នុងតំបន់នេះ ដែលជនភៀសខ្លួនកំពុងធ្វើដំណើរ បន្ទាប់ពីទទួលបានការអនុញ្ញាតពីបញ្ជាការកងទ័ពលីបង់។
នាយករដ្ឋមន្ត្រីលីបង់លោក Nawaf Salam បានទៅបំពេញទស្សនកិច្ច នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ហើយបានសន្យាថា នឹងធានាឲ្យមានការវិលត្រឡប់របស់ជនភៀសខ្លួន ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ឲ្យបានឆាប់បំផុត។ លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះ «ដំណើរការនៃការស្តារឡើងវិញនូវការតាំងទីលំនៅ ដែលបានទទួលរងផលប់ះពាល់ពីការឈ្លានពាន»។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា «មិនអាចមានស្ថិរភាពនៅភាគខាងត្បូងទេ» ប្រសិនបើអ៊ីស្រាអែល មិនដកកងទ័ពចេញពីទឹកដីលីបង់ទេនោះ។