រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងចាប់ផ្តើមសាងសង់របងមានតម្លៃ ១,៤៤៥ពាន់លានដុល្លារអាមេរិក នៅតាមព្រំដែនជាមួយប្រទេសហ្ស៊កដានី ក្នុងប៉ុន្មានខែខាងមុខនេះ។

លោក Katz បានគូសបញ្ជាក់ពីផែនការនេះ ក្នុងអំឡុងពេលដំណើរកម្សាន្ត ទៅកាន់ជ្រលងភ្នំហ្ស៊កដង់ (Jordan Valley) ដោយបញ្ជាក់នៅក្នុងសារវីដេអូថា របងប្រវែង ៤៣៥ គីឡូម៉ែត្រនឹងលាតសន្ធឹងពីផ្នែកខាងត្បូងនៃតំបន់ខ្ពង់រាប Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល កាត់តាមតំបន់វេសបែង រហូតដល់វាលខ្សាច់ Samar ភាគខាងជើងនៃទីក្រុង Eilat នៅភាគខាងត្បូងនៃប្រទេសនេះ។

លោក Katz បាននិយាយថា គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល បីឆ្នាំ មានគោលបំណង «ទប់ស្កាត់ការរត់ពន្ធអាវុធ និងអំពើភេរវកម្ម និងពង្រឹងការតាំងទីលំនៅ»។ លោកក៏បានប្រកាសពីផែនការបង្កើតប៉ុស្តិ៍យោធាថ្មី នៅតាមបណ្តោយផ្លូវរបស់របាំងការពារនេះ ដើម្បី «ពង្រឹងការគ្រប់គ្រងរបស់យើង នៅលើតំបន់នេះ»។
យោងតាមលោក Katz បានឲ្យដឹងថា អាវុធដែលរត់ពន្ធពីប្រទេសហ្ស៊កដានី ទៅកាន់តំបន់វេសបែង ត្រូវបានប្រើប្រាស់ ក្នុងការវាយប្រហារប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។
អ៊ីស្រាអែលបានពិចារណាជាយូរមកហើយអំពីការសាងសង់របងថ្មី នៅតាមបណ្តោយព្រំដែនហ្ស៊កដានី។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រសួងការពារជាតិ បានចាប់ផ្តើមផែនការវិស្វកម្មលម្អិត បន្ទាប់ពីការវាយប្រហារខែកញ្ញា នៅឯស្ពាន Allenby ដែលសម្លាប់ជនជាតិអ៊ីស្រាអែល ៣នាក់ និងជនវាយប្រហារហ្ស៊កដានីម្នាក់។
នៅក្នុងតំបន់វេសបែង កងកម្លាំងអ៊ីស្រាអែល បានបន្តប្រតិបត្តិការដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ទន្ទឹមនឹងនោះ ការចរចាហាក់ដូចជាបានជាប់គាំងលើដំណាក់កាលទី ២ នៃបទឈប់បាញ់ដ៏ផុយស្រួយ នៅ តំបន់ហ្កាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។