កំពង់ចាម៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅអាជ្ញាធរទូទាំងប្រទេស និងមហាជនទូទៅ ឱ្យយកចិត្តទុកដាក់ថែទាំមនុស្សចាស់ អំឡុងពេលកម្ពុជាទទួលរងសីតុណ្ហភាពចុះត្រជាក់ខ្លាំងចាប់ពីខែក្រោយរហូតដល់ខែកុម្ភៈឆ្នាំក្រោយនេះ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «នៅកន្លែងខ្លះធ្លាក់ចុះរហូតដល់ ១៥អង្សា។ អ៊ីចឹង សម្រាប់មនុស្សចាស់ ត្រូវយកចិត្តទុកដាក់។ កូនចៅដែលមានជីដូនជីតាឪពុកម្ដាយចាស់ ត្រូវយកចិត្តទុកដាក់ថែទាំគ្រប់គ្រាន់ អាវរងារភួយមុង»។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា៖ «អាជ្ញាធរត្រូវពិនិត្យ ធ្វើអន្តរាគមន៍សម្រាប់មនុស្សចាស់ដែលអត់មានទីពឹង មានប៉ុន្មាន? ខិតខំដោះស្រាយអាវរងាឱ្យគាត់ ខិតខំដោះស្រាយភួយមុងឱ្យគាត់។ ទៅខ្ញុំប្រគល់ភារកិច្ចដល់អស់លោក។ គ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រូវពិនិត្យភ្លាម ធ្វើអន្តរាគមន៍ភ្លាម ព្រោះមនុស្សចាស់រងារ ហើយត្រូវយកចិត្តទុកដាក់បំផុតនៅពេលរដូវរងារមកដល់»។
«អ៊ីចឹង សូមបន្ទុកបណ្ដាក់លើបញ្ហាសុខភាពមនុស្សចាស់លើក្រុមគ្រួសារនីមួយៗ ទៅលើអាជ្ញាធរ ទៅលើព្រះសង្ឃតាមទីអារាមដែលមានចាស់ៗស្នាក់នៅសុំសីល»។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសកាលពីថ្ងៃម្សិលមិញថា កម្ពុជានឹងទទួលរងសីតុណ្ហភាពចុះត្រជាក់ខ្លាំងនៅទូទាំងប្រទេសចាប់ពីសប្ដាហ៍ទី១ខែក្រោយនេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។
បើតាមក្រសួងធនធានទឹក និងឧតុនិយម តំបន់ជួរភ្នំ និងតំបន់ខ្ពង់រាបភាគឦសានរបស់ប្រទេសកម្ពុជា អាចចុះត្រជាក់ខ្លាំងរហូតដល់ ១៥អង្សារនៅក្នុងរយៈពេល ៣ខែខាងមុខនេះ៕
