ស្នងការសិទ្ធិមនុស្សរុស្ស៊ីលោកស្រី Tatyana Moskalkova បានសរសេរនៅលើបណ្តាញសង្គម Telegram ថា អ្នកស្រុកសរុបចំនួន ៣៣នាក់ នៃតំបន់ Kursk ត្រូវបានជម្លៀសពីអ៊ុយក្រែន ទៅកាន់ប្រទេសរុស្ស៊ី។
លោកស្រី Moskalkova បាននិយាយថា៖«ដោយមានការគាំទ្រពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងការសម្រុះសម្រួលនៃសាធារណរដ្ឋបេឡារុស អ្នកស្រុកចំនួន ៣៣នាក់នៃតំបន់ Kursk ត្រូវបាននាំពីអ៊ុយក្រែនត្រឡប់ទៅប្រទេសរុស្ស៊ីវិញ។ ឥឡូវនេះ ពួកគេ កំពុងស្ថិតនៅក្នុងស្រុកកំណើតរបស់ខ្លួន។
អភិបាលស្តីទីនៃតំបន់នេះ លោក Alexander Khinshtein បានសរសេរនៅលើ Telegram ថា អ្នកជម្លៀសជាច្រើននាក់ មានវ័យចំណាស់ អនីតិជន ឬពិការ។
លោកបានសរសេរថា៖«ពួកគេជាច្រើន គឺជាមនុស្សចាស់ៈ ស្ត្រីម្នាក់ នឹងមានអាយុ ៩០ឆ្នាំ នៅក្នុងខែឧសភា។ ក្នុងចំណោមពួកគេ ក៏មានកុមារផងដែរ: សិស្សសាលា ពីរនាក់ និងក្មេងទើបចេះដើរតេះតះ ២នាក់ ដោយក្មេងជាងគេ មានអាយុក្រោម ២ឆ្នាំ និងមានជនពិការផងដែរ»។
លោកអភិបាលតំបន់ បានធានាថា អ្នកដែលត្រូវគេជម្លៀសទាំងអស់ នឹងទទួលបានជំនួយគ្រប់យ៉ាង ដែលពួកគេត្រូវការ។