លោក Keir Starmer មានបទពិសោធន៍គោលនយោបាយការបរទេសតិចតួចប៉ុណ្ណោះ មុនពេលក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស ប៉ុន្តែឥឡូវនេះ កំពុងទទួលបានតួនាទីជារដ្ឋបុរសអន្តរជាតិ ដែលដឹកនាំកិច្ចប្រឹងប្រែង ដើម្បីសម្របសម្រួលស្វែងរកដំណោះស្រាយ ចំពោះការមានគំនិតខ្វែងគ្នា រវាងអឺរ៉ុប និងសហរដ្ឋអាមេរិក ជុំវិញសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
នៅពេលដែលចក្រភពអង់គ្លេស កាន់តែមានពាក់ព័ន្ធនឹងតួនាទីជាអ្នកដឹកនាំក្រោយ Brexit (ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប) នាយករដ្ឋមន្ត្រីរបស់គណបក្សការងាររូបនេះ ទទួលបានកោតសរសើរយ៉ាងទូលំទូលាយ ចំពោះការដោះស្រាយស្ថានការណ៍ប្រកបដោយជំនាញរបស់លោក។
បណ្ដាអ្នកវិភាគបានលើកឡើងថា ក្នុងអំឡុងពេលមានកិច្ចប្រជុំដ៏តានតឹង លោក Starmer បានស្ថិតនៅក្នុងស្ថានការណ៍ដ៏លំបាក ក្នុងការថ្លឹងថ្លែង រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky ស្របពេលលោកត្រូវធ្វើឲ្យចក្រភពអង់គ្លេសត្រលប់ទៅវិញយ៉ាងរឹងមាំ នៅក្នុងកិច្ចការការទូតអន្តរជាតិ។
កាលពីថ្ងៃទី២ ខែមីនា លោក Starmer បានរៀបចំកិច្ចប្រជុំកំពូលនៃបណ្ដាមេដឹកនាំអឺរ៉ុប នៅទីក្រុងឡុងដ្រ៍ ដោយបង្ហាញថា មេដឹកនាំទាំងអស់ កំពុងរៀបចំផែនការ ៤ចំណុច ដើម្បីទទួលបានសន្តិភាពប្រកបដោយនិរន្តរភាព ក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមទាំងតាមរយៈ «ការមានឆន្ទៈរួមរបស់សម្ព័ន្ធ» ដែលត្រូវបានរៀបចំឡើង ដើម្បីការពារបទឈប់បាញ់ណាមួយ នាពេលខាងមុខ។
នាយកនៃវិទ្យាស្ថានស្រាវជា្រវក្រុមអ្នកនយោបាយបរទេសអង់គ្លេស លោកស្រី Evie Aspinall បាននិយាយថា៖ «តាមវិធីជាច្រើន ខ្ញុំមានការភ្ញាក់ផ្អើលបន្តិច ចំពោះរបៀបដែលគាត់បានឈានជើងចូលក្នុងតួនាទីនេះ ជាពិសេសដោយសារតែលោក មិនមានបទពិសោធន៍ច្រើន អំពីគោលនយោបាយការបរទេសនោះឡើយ»។
លោក Starmer បានប្រមូលផ្ដុំមេដឹកនាំចំនួន ១៨នាក់ មកពីទ្វីបអឺរ៉ុប កាណាដា និងទួរគី ដែលបានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Zelensky បន្ទាប់ពីលោកត្រូវបានរិះគន់ជាសាធារណៈ ដោយលោក Trump និងអនុប្រធានាធិបតីអាមេរិក លោក J.D. Vance នៅក្នុងការិយាល័យ Oval Office កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕