ក្រុមអ្នកពន្លត់អគ្គិភ័យជប៉ុន កំពុងជួបការលំបាក ក្នុងការទប់ស្កាត់ចំហេះព្រៃរយៈពេល ១សប្តាហ៍ នៅឆ្នេរភាគឦសានរបស់ប្រទេស ដែលបានរីករាលដាលក្លាយជាអគ្កិភ័យដ៏អាក្រក់បំផុតមិនធ្លាប់មាន ដែលប្រទេសនេះបានជួបក្នុងរយៈពេលកន្លះសតវត្សរ៍។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ បានឲ្យដឹងថា អគ្គិភ័យ នៅក្បែរទីក្រុង Ofunato ក្នុងខេត្ត Iwate បានឆាបឆេះផ្ទៃដី ២.៦០០ហិចតា គិតត្រឹមថ្ងៃអង្គារ (ទី៤ ខែមីនា) ដែលមានទំហំជិតពាក់កណ្តាលនៃតំបន់ Manhattan របស់សហរដ្ឋអាមេរិក ហើយកំពុងបន្តរាលដាលមិនថមថយ ដែលធ្វើឲ្យវាក្លាយជាចំហេះដ៏ធំបំផុត នៅក្នុងប្រទេសជប៉ុន គិតចាប់តាំងពីឆ្នាំ១៩៧៥ មក។
អ្នកស្រុកត្រូវបានណែនាំឲ្យជម្លៀសចេញ ខណៈដែលអ្នកពន្លត់អគ្គិភ័យជាង ២.០០០នាក់ បានប្រើប្រាស់ឧទ្ធម្ភាគចក្រ និងទុយោ ដើម្បីពន្លត់អណ្តាតភ្លើងដែលកំពុងទៅកាន់តែកៀកតំបន់កណ្តាលទីក្រុង។
យោងតាមទូរទស្សន៍ ក្នុងស្រុក NHK បានឲ្យដឹងថា ដីតំបន់ភ្នំ បានធ្វើឲ្យមានការលំបាកដល់រថយន្តពន្លត់អគ្គិភ័យ ក្នុងការធ្វើដំណើរទៅកាន់តំបន់នោះ។ យោងតាមភ្នាក់ងារពន្លត់អគ្គិភ័យ បានឲ្យដឹងថា មកទល់ពេលនេះ មនុស្សម្នាក់បានបាត់បង់ជីវិត ហើយអភិបាលខេត្ត Iwate បានស្នើសុំជំនួយពីខេត្តជិតខាង៕


