ទឹកជំនន់យ៉ាងគំហុកបានវាយប្រហារតំបន់ភាគច្រើនក្នុងទីក្រុងហ្សាកាតា និងទីក្រុងរណប ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើនចាប់តាំងពីល្ងាចថ្ងៃច័ន្ទ បណ្តាលឱ្យលំនៅឋានរាប់ពាន់ខ្នងជនលិច ហើយអ្នកស្រុករាប់រយនាក់ បានរងផលប៉ះពាល់។
វីដេអូដែលថតដោយអ្នកស្រុក បានបង្ហាញពីទឹកជំនន់យ៉ាងគំហុកដោយមានកម្រិតទឹកហក់ឡើងដល់ដំបូល និងលិចរថយន្តជាច្រើនគ្រឿងទាំងស្រុង។ ទឹកជំនន់ ក៏បានបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅទូទាំងទីក្រុង ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមរួមគ្នាមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ នាយកដ្ឋានពន្លត់អគ្គីភ័យ និងក្រុមស្វែងរកនិងជួយសង្គ្រោះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះ ដើម្បីជួយជម្លៀសប្រជាជន និងដើម្បីឆ្លើយតបបន្ទាន់។
ប្រធានទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី លោកស្រី Dwikorita Karnawati បាននិយាយថា ទឹកជំនន់ត្រូវបានព្យាករណ៍នៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
លោកស្រីនិយាយថា អាកាសធាតុមិនអំណោយផលទំនងជានឹងបន្តនៅទីក្រុងហ្សាកាតា និងទីក្រុងនានានៅជុំវិញនោះរហូតដល់សប្តាហ៍ក្រោយ។